
លោកស្រីអិនហ្កូហ៊្សី អូកុនហ្យូ អ៊ីវ៉េឡា (Ngozi Okonjo-Iweala) ដែលជាជនជាតិនីហ្សេរីយ៉ាបានជាប់ឆ្នោតជាអគ្គនាយិកានៃអង្គការពាណិជ្ជកម្មពិភពលោកដែលហៅកាត់ជាភាសាអង់គ្លេស WTO។ តាមការគ្រោងទុក លោកស្រីអូកុនហ្យូ អ៊ីវ៉េឡានឹងចូលកាន់តំណែងមួយនេះកាលពីខែមីនា ឆ្នាំ២០២១។ តែអ្វីជាការកត់សម្គាល់ ការទទួលបានតំណែងជាអគ្គនាយិកា WTOរបស់លោកស្រី អូកុនហ្យូ អ៊ីវ៉េឡាពេលនេះបានធ្វើឡើង ក្នុងពេលដែលស្ថាប័នអន្តរជាតិមួយនេះកំពុងមានវិបត្តិធ្ងន់ធ្ងរ។ តាំងពីខែឧសភា ឆ្នាំ ២០២០ ពោលក្រោយការលាចុះពីតំណែងប្រធាន WTOរបស់លោករ៉ូប៊ែរតូ អាហ្សេវ៉េដូ WTOបានកំព្រាអាណាព្យាបាលមកដល់ដើមឆ្នាំ២០២១។
លោកស្រីមានអាយុ ៦៦ឆ្នាំ និង ជាជនជាតិនីហ្សេរីយ៉ា លោកស្រីអិនហ្កូហ៊្សី អូកុនហ្យូ អ៊ីវ៉េឡា មានសញ្ញាប័ត្រចេញពីសកលវិទ្យាល័យអាមេរិក Harvard និង Massachusetts។ នៅក្នុងប្រទេសកំណើត លោកស្រីអូកុនហ្យូ អ៊ីវ៉េឡាធ្លាប់កាន់តំណែងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចំនួន ២ដង និង កាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេសរយៈពេល ២ខែ។ នៅលើឆាកអន្តរជាតិ លោកស្រីធ្លាប់កាន់តំណែងជាអនុប្រធានធនាគារពិភពលោក។ ដូច្នេះ អគ្គនាយិកាថ្មីនៃអង្គការពាណិជ្ជកម្មពិភពលោក WTO ជនជាតិនីហ្សេរីយ៉ារូបនេះមានសមត្ថភាព និង បទពិសោធន៍ពេញខ្លួន។

អ្វីជាការកត់សម្គាល់ នេះជាលើកទី១ ដែលតំណែងរបស់ WTOបានធ្លាក់ទៅលើស្រ្តី ហើយក៏ជាលើកទី១ ដែលតំណែងមួយនេះបានធ្លាក់ទៅលើជនជាតិអាហ្រ្វិក។ គួរបញ្ជាក់ថា តាំងពីអង្គការពាណិជ្ជកម្មពិភពលោកបានចាប់កំណើតក្នុងឆ្នាំ ១៩៩៥ មកដល់សព្វថ្ងៃ អ្នកដឹកនាំទាំង ៦នាក់សុទ្ធតែបុរសទាំងអស់ក្នុងនោះ មានជនជាតិអឺរ៉ុបចំនួន ៣នាក់ ជនជាតិនូវែលសេឡង់ម្នាក់ ជនជាតិថៃម្នាក់ និង ចុងក្រោយជាជនជាតិប្រេស៊ីលលោករ៉ូប៊ែរតូ អាហ្សេវ៉េដូ។ លោករ៉ូប៊ែរតូ អាហ្សេវ៉េដូបានលាចុះពីតំណែងប្រធាន WTO កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ ២០២០ ដោយមូលហេតុគ្រួសារ។
សំណុំរឿងអាទិភាពរបស់លោកស្រីលោកស្រីអិនហ្កូហ៊្សី អូកុនហ្យូ អ៊ីវ៉េឡា
ការទទួលបានតំណែងជាអគ្គនាយិការបស់លោកស្រីអូកុនហ្យូ អ៊ីវ៉េឡាពេលនេះបានធ្វើឡើង ក្នុងពេលដែល WTO កំពុងជួបវិបត្តិធ្ងន់ធ្ងរ។ មានកិច្ចការច្រើនរាប់មិនអស់ដែលលោកស្រីអូកុនហ្យូ អ៊ីវ៉េឡាត្រូវធ្វើដោយចាប់ផ្តើមដំបូងពីការធ្វើកំណែទម្រង់ស៊ីជ្រៅលើស្ថាប័នពាណិជ្ជកម្មអន្តរជាតិ។ គេអាចនិយាយបានថា អង្គការពាណិជ្ជកម្មពិភពលោកកំពុងពិការមួយចំហៀងខ្លួន ហើយប្រព័ន្ធពហុភាគីនិយមកំពុងជួបវិបត្តិកាន់តែខ្លាំងនៅក្នុងសម័យកូវីដ១៩។
លោកស្រីអូកុនហ្យូ អ៊ីវ៉េឡាបានកំណត់យកសំណុំរឿងអាទិភាពចំនួន ៣ ក្នុងចំណោមសំណុំរឿងអាទិភាពជាច្រើនដែលលោកស្រីត្រៀមដោះស្រាយជាបន្ទាន់នៅក្នុងពេលកាន់តំណែងរយៈ ១០០ថ្ងៃដំបូង។
- ទី១ ស្វែងរកដំណោះស្រាយឲ្យវិបត្តិជំងឺកូវីដ១៩ ដោយផ្តោតនៅលើផ្នែកសុខភាព និង សេដ្ឋកិច្ច មានន័យថា តើត្រូវធ្វើដូចម្តេចដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចសកលដែលកំពុងរងគ្រោះដោយវិបត្តិកូវីដ១៩។
- ទី២ ផ្តល់សន្ទុះជាថ្មីលើកិច្ចចរចាស្តីពីឧបត្ថម្ភធនក្នុងវិស័យនេសាទដែលបានអូសបន្លាយ ២០ឆ្នាំ និងអាទិភាពទី៣ ធ្វើកំណែទម្រង់លើប្រព័ន្ធដោះស្រាយវិវាទនៅក្នុងជម្លោះពាណិជ្ជកម្មដែលកំពុងជាប់គាំង។

គួរបញ្ជាក់ថា ប្រព័ន្ធដោះស្រាយវិវាទនេះត្រូវបានរដ្ឋបាលអាមេរិកក្នុងជំនាន់ប្រធានាធិបតីលោកដូណាល់ ត្រាំជាន់ឈ្លី បិទខ្ទប់នៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និង ប្រទេសចិន។ លោកត្រាំបានបដិសេធមិនបន្តអាណត្តិរបស់ក្រុមចៅក្រមនៅផ្ទៃក្នុង WTO ដែលមានតួនាទីជំនុំជម្រះលើក្តីក្តាំពាណិជ្ជកម្មរវាងប្រទេស និងប្រទេស។ គួររម្លឹកថា គោលការណ៍ដើមរបស់ WTO គឺគាំទ្រ និងលើកស្ទួយឲ្យមានកិច្ចព្រមព្រៀងជាលក្ខណៈពហុភាគី។ តែគេបានសង្កេតឃើញថាក្នុងរយៈប៉ុន្មានឆ្នាំកន្លងទៅ គោលការណ៍ពហុភាគីនិយមត្រូវបានជាន់ឈ្លី និង ត្រូវបានដាក់ជំនួសវិញដោយគំនិតអាត្មានិយម។
កិច្ចចរចាជាលក្ខណៈអន្តរជាតិ និង ពហុភាគីត្រូវបានដាក់ជំនួសដោយកិច្ចចរចារវាងប្រទេស និង ប្រទេស ឬ មួយរវាងតំបន់ និង តំបន់។ លែងមានទៀតឡើយនូវសាមគ្គីភាពជាលក្ខណៈអន្តរជាតិ ហើយវិបត្តិកូវីដ១៩ ជាវិញ្ញាសារមួយដែលបញ្ជាក់ពីភាពអាត្មានិយមរបស់ប្រទេសមួយចំនួនដើម្បីរស់ខ្លួនឯង ពិសេសក្នុងរឿងវ៉ាក់សាំង និង សម្ភារៈបរិក្ខារពេទ្យ។
ផ្លូវដែលលោកស្រីអូកុនហ្យូ អ៊ីវ៉េឡាត្រូវដើរនៅវែងឆ្ងាយ
គេពិបាកវាយតម្លៃលើសមត្ថភាពរបស់លោកស្រីអូកុនហ្យូ អ៊ីវ៉េឡានៅពេលដែលលោកស្រីមិនទាន់ទាំងកាន់តំណែងផង។ មានការលើកឡើងថា លោកស្រីអូកុនហ្យូ អ៊ីវ៉េឡាគ្មានជំនាញពាណិជ្ជកម្មទេ។ តែលោកស្រីអូកុនហ្យូ អ៊ីវ៉េឡាធ្លាប់បានលើកឡើងតាំងពីមុនជាប់ឆ្នោតថា បើលោកស្រីទទួលបានតំណែងជាអគ្គនាយិកា WTO ក៏ដោយសារតែសមត្ថភាពរបស់លោកស្រី ពោលមិនមែនដោយសារដើមកំណើត ឬពណ៌សម្បុររបស់លោកស្រីទេ។ អ្វីដែលសំខាន់ លោកស្រីអូកុនហ្យូ អ៊ីវ៉េឡាត្រូវស្តារមុខមាត់ និងលើកតម្លៃរបស់អង្គការពាណិជ្ជកម្មពិភពលោកឡើងវិញដោយធ្វើយ៉ាងណាឲ្យប្រទេសសមាជិកទាំងអស់មានទំនុកចិត្តលើ WTO ជាថ្មី។
ទំនុកចិត្តដែលលោកស្រីអូកុនហ្យូ អ៊ីវ៉េឡាត្រូវធ្វើនេះមិនមែនមានត្រឹមរវាងសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ឬ មួយក៏រវាងសហរដ្ឋអាមេរិក និង ចិនប៉ុណ្ណោះទេ តែក៏ត្រូវធ្វើឡើងរវាងក្រុមប្រទេសអភិវឌ្ឍ និង ក្រុមប្រទេសកំពុងអភិវឌ្ឍ។ អ្វីដែលច្បាស់ អង្គការពាណិជ្ជកម្មពិភពលោកត្រូវការធ្វើកំណែទម្រង់ស៊ីជ្រៅ និង ផ្តល់ជំនឿទុកចិត្តឡើងវិញដល់ប្រទេសសមាជិកទាំងអស់ ហើយអ្វីដែលច្បាស់ ការឡើងកាន់តំណែងប្រធាន WTO របស់លោកស្រីអូកុនហ្យូ អ៊ីវ៉េឡាអាចអនុញ្ញាតឲ្យស្ថាប័នពាណិជ្ជកម្មអន្តរជាតិមួយនេះងើបផុតពីវិបត្តិ។ តែដើម្បីអាចឈានទៅដល់គោលដៅនេះបាន ផ្លូវដែលលោកស្រីអូកុនហ្យូ អ៊ីវ៉េឡាត្រូវដើរនៅវែងឆ្ងាយ។
