ប្រវត្តិបុគ្គលល្បីៗ

តើលោក ដាញ់ ហុង អ្នក​បង្កើត​ហ្វុនអក្សរ​យូនីកូដជាអ្នកណា?

បើនិយាយពីពុម្ភអក្សរខ្មែរពីមុន អ្នកប្រើប្រាស់ និង សិក្សាផ្នែកកុំព្យូទ័រប្រហែលជាបានស្គាល់ពី Font Limon ដែលបានដាក់អោយប្រើប្រាស់ក្នុងវាយអក្សរខ្មែរ ដែលមានភាពពិបាក និង ចំណាយពេលយូរក្នុងការវាយឯកសារម្ដងៗ។ ប៉ុន្តែផ្ទុយទៅវិញក្នុងរយះពេលបុន្មានឆ្នាំចុងក្រោយនេះក្រោយពីហ្វុនអក្សរ​យូនីកូដត្រូវបានបង្កើតឡើងធ្វើអោយអ្នកប្រើប្រាស់មានការសារទរចំពោះសមិទ្ធផលដ៏អស្ចារ្យមួយនេះ ដោយការប្រើប្រាស់មានភាពងាយស្រួល និង ចំណាយពេលតិចក្នុងកិច្ចការការងារ នេះបើប្រើពីការប្រើប្រាស់ពុម្ពអក្សរចាស់។ អ្នកប្រើប្រាស់​កុំព្យូទ័រ​នៅកម្ពុជា​ពិតជា​បានដឹង ​និង បាន​ប្រើ​​ប្រាស់​ហ្វុន​អក្សរ​យូ​នីកូដ​ ប៉ុន្តែ​មិនទាន់​ដឹងថាតើនរ​ណាជា​អ្នកបង្កើត​ហ្វុន​នេះ​​ទេ?

កុមារភាព និង ការសិក្សា

អ្នក​បង្កើត​ហ្វុនអក្សរ​យូនីកូដ​គឺជាកូនខ្មែរ​កម្ពុជា​ក្រោម​ ឈ្មោះ​ដាញ់ ​ហុង​​ ​មានស្រុក​កំណើត​​នៅ​ខេត្តបាក់​លីវ (ខ្មែរ​​ហៅ​​ពល​លាវ)​ ។ លោកមាន​ឪពុកឈ្មោះ​ដាញ់​ ពៀ​ ជាកសិករ​​ ហើយ​បច្ចុប្បន្ន​​ឪពុក​របស់លោក​មាន​វ័យជាង៨២ឆ្នាំហើយ​ តែនៅបន្ត​របរ​ស្រែចម្ការ​ដដែល ។ ​​ចំណែកម្តាយ​បានស្លាប់ចោល​តាំងពី​លោក​ដាញ់ ហុង មានអាយុ៨ខែ​ម៉្លេះក្នុង​អំឡុង​សង្គ្រាម​អាមេរិក-​វៀតណាម។ ចាប់​ពី​ពេល​នោះ​មក បន្ទុក​ថែទាំ​ទារក ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ទាំងស្រុង ត្រូវ​បាន​ធ្លាក់​ទៅលើ​ឪពុក​របស់​គាត់​ជា​អ្នក​រ៉ាប់រង​។​​ នៅក្នុងគ្រួសារលោក​ ដាញ់ ហុង មានសមាជិក​គ្រួសារ​ចំនួន៩​នាក់ ចំណែក​​លោកជា​កូន​ទី៥​ ក្នុងចំណោម​បងប្អូន​ចំនួន៧​នាក់ ​ក្នុង​នោះ​មាន​ប្រុស៤​នាក់​​។

លោក ដាញ់ ហុង​កើត​ឆ្នាំ ១៩៧២ នៅក្នុង​គ្រួសារ​កសិករ​ខ្មែរក្រោម​មួយ នា​ខេត្ត​ពល​លាវ នៃ​ដែនដី​កម្ពុជា​ក្រោម ឬ ខាងត្បូង​ប្រទេស​វៀតណាម​សព្វថ្ងៃ។​ បើ​ទោះបីជា​សង្គ្រាម​រាតត្បាត​យ៉ាងណា​ក៏ដោយ ក៏​ឪពុក​របស់​លោក បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ក្នុង​ការ​បីបាច់​ថែរក្សា​ឲ្យ​កូនប្រុស ដែល​បាត់បង់​ម្ដាយ​ឲ្យ​ធំ​ដឹងក្តី នឹងបានសិក្សាបាន។​

កាលនៅកុមារលោក​ដាញ់​ ហុង​ សិក្សា​នៅសាលា​បឋម​សិក្សា​​បាហៀង​ ។​ ជារៀងរាល់​ថ្ងៃ​​លោក​​ត្រូវ​ចំណាយ​ពេលវេលាដើរ​ទៅសាលា​ប្រមាណ​ជាពីរ​គីឡូម៉ែត្រ​ពី​ផ្ទះ ។​ លោក​ដាញ់​ ហុង ​​ជាក្មេងឧស្សាហ៍​ព្យាយាម​នៅក្នុង​ការសិក្សា​ខ្លាំង​​ណាស់​ ​ហើយលោកក៏ជា​ក្មេងដែលរៀន​ពូកែប្រចាំថ្នាក់​ផងដែរ ។ រៀនចប់​បឋម​សិក្សា ​លោកបន្តចូល​សិក្សា​នៅអនុ​វិទ្យាល័យ​បា​ហៀង​ ​និង​ បន្ទាប់មក​ទៀតលោក​បន្តការសិក្សា​នៅ​វិទ្យាល័យ​ឡាំង​យឿ ហើយនៅឆ្នាំ១៩៩១ លោកបានប្រឡង​បញ្ចប់​មធ្យម​សិក្សាទុតិយ​ភូមិ​ ។

ការសិក្សាក្រោយបញ្ចប់បាក់ឌុប

ក្រោយពី​ប្រលង​បញ្ចប់​សញ្ញាប័ត្រ​បាក់​ឌុប​នៅ​ឆ្នាំ ១៩៩១ លោក ដាញ់ ហុង ត្រូវ​ទៅ​បន្ត​ការសិក្សា​កម្រិត​បរិញ្ញា ប​ត្រ​នៅ​សាកលវិទ្យាល័យ​ច្បាប់ នាទី​ក្រុង​ព្រៃនគរ ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា ទីក្រុង​ហូជីមិញ។ ការ​ចាកចេញ​ពី​ស្រុកកំណើត​មក​បន្ត​កម្រិត​សិក្សា នេះ​ដោយសារតែ​កាលណោះ​រដ្ឋាភិបាល​វៀតណាម ផ្ដល់​អាហារូបករណ៍​មួយឆ្នាំ​សម្រាប់​វគ្គ​រៀន​ត្រៀមប្រឡង អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជា​បន្ត នៅ​ឆ្នាំ​១៩៩២។​ តាមពិតទៅ​លោកជាសិស្ស​ពូកែផ្នែក​គណិត​វិទ្យា​ ​ប៉ុន្តែដោយ​សារតែលោក​ស្រឡាញ់ខាង​ច្បាប់​​ក៏សិក្សា​ផ្នែក​នេះ​​​។​

អ្នក​មាន​សមត្ថភាព ឱកាស​នៅ​តែ​មាន​សម្រាប់អាហារូបករណ៍​ដែល​រដ្ឋ​ផ្ដល់​ឲ្យ​នោះ មិនមែន​តែ​ឆ្នាំ​ត្រៀម​នោះ​ទេ។ ប្រសិនបើ​សិស្ស ដែល​មាន​សមត្ថភាព និង លទ្ធភាព​ប្រឡង​ជាប់​នោះ នឹង​ទទួល​បាន​អាហារូបករណ៍ ពេញ​ប្រាំ​ឆ្នាំ​តែម្ដង (​ពីមុន​ថ្នាក់​បរិញ្ញាបត្រ​នៅ​វៀតណាម​សិក្សារយៈពេល​៥ ឆ្នាំ )។ ក្នុង​នោះ​ដែរ បញ្ជី​ឈ្មោះ​បេក្ខភាព​សិស្ស​ដែល​ប្រលង​ជាប់​ក៏​មាន​ឈ្មោះ លោក ដាញ់ ហុង ម្នាក់​ដែរផងដែរ។

លោក​ដាញ់​ ហុងបាន​បញ្ចប់​បរិញ្ញា​បត្រ​ច្បាប់​នៅ​ឆ្នាំ​១៩៩៧​ និង​ប្រលង​​ជាប់ចូល​បម្រើ​ការ​ងារ​ជំនាញច្បាប់​ក្នុងស្ថាប័ន​រដ្ឋវៀត​ណាម​មួយ​ដែល​មាន​ឈ្មោះ​ថា​គណៈ​កម្មការ​ជនជាតិ​ និង តំបន់​ភ្នំរបស់​រដ្ឋា​ភិបាល​(ស្មើនឹង​ក្រសួង​ស្រុក​ខ្មែរ)​ ​នៅទីក្រុង​ព្រែក​ប្ញស្សី​(ឈ្មោះពីមុន)​ ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថាទីក្រុងកឹងធើ។

ចាប់អារម្មណ៍អាជីព ប៉ុន្តែនៅតែស្រឡាញ់ផ្នែកច្បាប់

កាលពី​នៅ​ជា​និស្សិតឆ្នាំ​ទីមួយ ​ផ្នែក​ច្បាប់​ឆ្នាំ ១៩៩២ ក្រុមហ៊ុន​វៀតណាម​មួយ​ដែល​មាន​ឈ្មោះថា CINOTEC ដែលជា​ក្រុមហ៊ុន​ធ្វើ​ពុម្ព (Font) ខ្មែរ យក​មក​លក់​ស្រុក​ខ្មែរ។ ចាប់តាំងពី​ពេលនោះ​មក​លោក ក៏​ចាប់អារម្មណ៍ ក្នុង​ការ​រចនា​ពុម្ព​ដែរ ប៉ុន្តែ​កាលនោះ អត់​ទាន់​ធ្វើ​អ្វី​លេចចេញ​ជា​រូបរាង​នោះ​ទេ គ្រាន់តែ​ព្យាយាម​ស្វែងយល់​បន្ថែម ខណៈ​នៅតែ​ស្រឡាញ់​ជំនា​ញ​ច្បាប់​របស់​ដដែល ។​

ឆ្លៀត​បង្រៀន​ក្មេងៗ ​ពេល​ជាប់​ឈ្មោះ​ជា​និស្សិត​នៅឡើយ លោក ដាញ់ ហុង តែងតែ​ឆ្លៀតពេល​ទំនេរ​របស់​គេ​ទៅ​បង្រៀន កូនចៅ​របស់​អ្នក​ដែល​មាន​លំនៅឋាន​ក្បែរៗ​សាកលវិទ្យាល័យ​ដែល​គេ​កំពុង​រៀន ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ផ្សេងៗ។​

រៀន​ចប់​បរិញ្ញា ប​ត្រ​ឆ្នាំ ១៩៩៧ លោក ដាញ់ ហុង ក៏​ប្រឡង​ជាប់​ចូល​បម្រើ ការងារ​ជំនាញ​ច្បាប់​ក្នុង​ស្ថាប័នរដ្ឋ​វៀតណាម​មួយ​ដែល​មាន​ឈ្មោះថា គណៈកម្មការ​ជនជាតិ​និង​តំបន់​ភ្នំ​របស់​រដ្ឋាភិបាល (​ស្មើនឹង​ក្រសួង​ស្រុក​ខ្មែរ​) នៅ​ទីក្រុង​ព្រែកឫស្សី​ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា ទីក្រុង​កឹង​ធើ ។​

​ទន្ទឹមគ្នា​នេះ​ដែរ ដោយ​មើលឃើញ​ពី​សមត្ថភាព​របស់​លោក ដាញ់ ហុង ខាង​សាកលវិទ្យាល័យ​ក៏បាន​ទាក់ទង​រូបលោក ឲ្យ​ធ្វើ​វចនានុក្រម​វៀតណាម​-​ខ្មែរ ព្រោះ​និស្សិត​ខ្មែរ​យើង​ទៅ​សិក្សា នៅ​ប្រទេស​វៀតណាម​មាន​ចំនួន​ច្រើន ទើប​នាំ​ឲ្យ​ក្រសួង​អប់រំ​វៀតណាម គិតគូរ​ក្នុង​ការរៀបចំ​ឲ្យ​មាន​វចនានុក្រម ពហុ​ជាតិ​សាសន៍​ឡើង។ រហូតមកដល់​បច្ចុប្បន្ន វចនានុក្រម​ដែល​ក្រុម​របស់​លោក​ដែល​មាន​គ្នា​បួន​នាក់​របស់​លោក នៅតែ​ក្រសួង​អប់រំ​វៀតណាម​ប្រើប្រាស់។​

ធ្វើ​ជា​មន្ត្រី​រដ្ឋ​​ការ​​នៅ​​ប្រទេស​វៀត​ណាម​​បាន​៣​ឆ្នាំ​​​ លោក​បាន​ដាក់​ពាក្យ​​ចូល​ធ្វើ​ការ​​នៅ​ប្រទេស​​កម្ពុជា​​ខាង​ផ្នែក​​​រចនា​​ និង​ បង្កើតពុម្ព​​​​អក្សរ​​​​នៅ​​មជ្ឈ​មណ្ឌល​​ខេម​រៈ​​សិក្សា​​​របស់​អា​មេរិក​​​​ប្រចាំ​ខេត្ត​សៀម​រាប ​រយៈ​ពេល​​​៣​ឆ្នាំ​​ ចាប់​ពី​ឆ្នាំ​​​២០០​០ ​ដល់ ​ឆ្នាំ​​២០០៣​។ ​បម្រើ​កា​រនៅ​ទី​នោះ​លោក​​ស្នាក់​នៅ​​ផ្ទះ​ជួល។ រយៈ​ពេល​ធ្វើ​ការ​​នៅ​​ខេត្ត​សៀម​រាប​ លោក​បាន​​ស្គាល់​​ជា​មួយ​បុរស​​ជន​ជាតិ​អេស្ប៉ាញ​​កម្រិត​​អនុ​បណ្ឌិត​​ផ្នែក​​​វិទ្យា​សាស្ត្រ​​កុំ​ព្យូ​​ទ័រ​​​ម្នាក់​​ ហើយ​​លោក​ក៏​​មូល​មតិ​​គ្នា​បង្កើត​​​គម្រោងKhmer OS ​ស្នើ​ទៅ​អង្គ​ការ Open Forum​ នៅ​ឆ្នាំ​​២០០៣​ តែ​រហូត​ដល់​ឆ្នាំ​​២០០៤​​ទើប​ខាង​អង្គ​ការ​​សម្រេច​​​ទទួល​​។

ក្នុង​ឆ្នាំ​​​២០០៥​ដល់​​២០១០​ លោក​ដាញ់ ​ហុង​ បាន​​ចូល​បម្រើ​ការ​ជា​អ្នក​យក​ព័ត៌​មាន​​​ភាសា​​វៀត​ណាម​​​ឱ្យ​វិទ្យុ​​អាស៊ី​សេរី​ លុះ​​​ដល់​ខែ​​មេសា ឆ្នាំ​​​២០១០​ ​លោក​​បាន​ផ្លាស់​ប្តូរ​​ទៅ​ធ្វើ​​ជាបុគ្គលិក​​ផ្នែក​រចនា​​គេហ​ទំព័រ​វិញ។​​ លោក​ដាញ់ ហុង ​បាន​រំឭក​​ថា​ ពេល​​​​សិក្សា​នៅ​មហា​វិទ្យា​ល័យ​​​លោក​បាន​​ទៅ​ធ្វើ​ជា​កម្មករ​​នៅ​កន្លែង​ជួស​ជុល​​កប៉ាល់​​ដើម្បី​រក​ប្រាក់​​បន្ថែម​​​ពី​លើ​​ប្រាក់​ដែល​គ្រួសារ​ផ្ញើ​​​មក​ឱ្យ។

ក្រៅ​ពី​នេះ​​លោក​ត្រូវ​សាកល​​​វិទ្យា​ល័យ​​ទាក់​ទង​​ឱ្យ​​ធ្វើ​​​វចនា​នុ​ក្រម​​វៀតណាម​​-ខ្មែរ​ ព្រោះ​​និស្សិត​​​ខ្មែរ​យើង​​ទៅ​សិក្សា​​នៅ​ប្រទេស​​វៀត​ណាម​​មាន​ចំនួន​ច្រើន​​ ទើប​នាំ​​ឱ្យ​ក្រសួង​​អប់​រំ​វៀត​ណាម​​គិត​គូរ​​​ក្នុង​ការ​រៀប​ចំ​​ឱ្យ​មាន​វចនា​នុ​ក្រម​​ពហុ​ជាតិ​​សាសន៍​នេះ​ឡើង។

លោក​ដាញ់ ហុង ​មិន​ដែល​គិត​​ថា បង្កើត​​ហ្វុន​​អក្សរ​នេះ​ឡើង​​សម្រាប់​ស្តង់​ដា​របស់​ប្រទេស​​ជាតិ​ទេ ​គឺ​លោក​​បង្កើត​​ហ្វុន​​អក្សរ​​យូ​នី​កូដ​​ដោយ​​សារ​តែ​លោក​​ចង់​ដោះ​ស្រាយ​​រាល់​បញ្ហា​​​​ពិបាក​​ស្មុគ​ស្មាញ​​ឱ្យ​មក​ស្រួល​​វិញ។ ​លោក​​បាន​ចំណាយ​​ពេល​​​ជា​ច្រើន​ឆ្នាំ​​នៅ​ក្នុង​ការ​​ធ្វើ​ពុម្ព​​អក្សរ​​​យូនី​កូដ​​នេះ​ ដោយ​លោក​​​បាន​ទៅ​ស្រាវ​ជ្រាវ​​នៅ​តាម​​បណ្តាញ​ប្រព័ន្ធ​អ៊ីន​ធើ​រ​ណេត​។ ការ​ធ្វើ​​​​ពុម្ព​​​អក្សរមួយ​បែបៗ​គឺ​លោក​​ត្រូវ​ចំណាយ​​​ពេល​អស់​ជិត​​កន្លះ​ឆ្នាំ​​ រហូត​មក​ដល់​ឆ្នាំ​​​២០០២​​ក៏​ទទួល​បាន​​ផ្លែ​ផ្កា​​ដូច​ប្រា​ថ្នា​។ ​នៅ​ពេល​ធ្វើ​ហ្វុន​​អក្សរ​បាន​​ហើយ​មិន​មាន​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ណា​ជួយ​ផ្សាយ​​ឱ្យ​លោក​​ទេ គឺ​លោក​បាន​​ដាក់​នៅ​ក្នុង​​អ៊ីន​ធើ​រ​​ណេត​​​ ដើម្បី​ឱ្យ​គេ​​​ដោន​​ឡូត​​យក​ទៅ​ប្រើ​ប្រាស់​។

សម្រាប់​ពេល​​នេះ​​លោក​ចង់​​​ឱ្យកូន​​ខ្មែរ​​ចេះ​ប្រើ​ប្រាស់​​ហ្វុន​​យូនីកូដ​​​ឱ្យ​បាន​ច្រើន​​ ដើម្បី​ងាយ​ស្រួល​​​នៅក្នុង​​ការ​ងារ​ផ្សេងៗ​។ ​​ដែលនេះជាស្នាដៃដ៏អស្ចារ្យសម្រាប់កូនត្រូវតែចង់ចាំនៅការលះបង់ដ៏ធំធេងរបស់លោកសម្រាប់ប្រទេសកម្ពុជា ដើម្បីប្រជាជនកម្ពុជាប្រើប្រាស់ពុម្ភអក្សរខ្មែរកាន់តែមានភាពងាយស្រូល និង ការបំពេញការងារបានយ៉ាងរហ័ស។

ស្ថាបនិកពុម្ពអក្សរខ្មែរ មានដើមកំណើតជាខ្មែរនៅកម្ពុជាក្រោម រូបនេះ មានជំនឿយ៉ាងមុតមាំថា តទៅថ្ងៃមុខភាសាខ្មែរយើងនឹងមានឈ្មោះ និងប្រើបានយ៉ាងទូលំទូលាយនៅជុំវិញពិភពលោកជាក់ជាមិនខាន ។ ក្ដីសង្ឃឹមនេះហើយ ទើបជម្រុញឲ្យលោកចំណាយទាំងកម្លាំងកាយកម្លាំងចិត្តសម្រេចមានFont Khmer Unicode ដាក់ឲ្យប្រើប្រាស់រហូតសព្វថ្ងៃ ។ លោកសន្យាជាមួយបងប្អូនខ្មែរថា នឹងបង្កើតអ្វីដែលថ្មីៗ ដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជាពិសេសឧបករណ៍អេឡិចត្រូនិក ដូចជា Tablet ទូរស័ព្ទដៃ ឬ ឧបករណ៍ផ្សេងៗទៀតជាដើម៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.