
សូក្រាត ជាទស្សនវិទូជនជាតិក្រិច នៅក្រុងអាថែនដ៏ល្បីល្បាញ បំផុតក្នុងប្រវត្តិសាស្ត្រសកលលោក។ ប្រជាជនក្រិចទាំងអស់បានប្រសិទ្ធនាមគាត់ថា ជាបិតាទស្សនៈវិជ្ជា និងបិតាវិទ្យាសាស្ត្រនយោបាយ ដោយទទួលស្គាល់គាត់ថា ជាវាគ្មិនពូកែនិយាយ ពូកែសួរ ពូកែឆ្លើយ។
ប៉ុន្តែគាត់មានរូបរាងអាក្រក់បំផុតមិនគួរឲ្យមើលឡើយ ដោយមានភ្នែកធំក្រឡោត ច្រមុះធំ បបូរមាត់ធ្លាក់ក្រាស់ សក់ក្រញេងក្រញ៉ាងដូចមិនដែលបានសិត ហើយតែងតែស្លៀកពាក់ខោអាវរហែក រយេរយ៉ៃ ដើរតត្រុក ពេញទីក្រុងរៀងរាល់ថ្ងៃ។ នៅទីណាមានសូក្រាត ទីនោះមានមនុស្សរោមជុំវិញមិនដែលដាច់ ជាពិសេសយុវជន ព្រោះគាត់ចូលចិត្តពិភាក្សា និងចោទឆ្លើយជាមួយមហាជនបំផុត ដោយទុក និងបង្កើតឱកាសឲ្យគេដទៃពិចារណា និងសម្រេចចិត្តដោយខ្លួនឯង ដូចដែលគាត់តែងបាននិយាយជារឿយៗថា ម្ដាយគាត់ជាឆ្មបសម្រាលមនុស្ស ឯគាត់ជាឆ្មបសម្រាលគំនិត ។
ទស្សនៈនយោបាយរបស់គាត់មិនស្របជាមួយនឹងអ្នកដឹកនាំ និងអ្នកប្រាជ្ញសម័យនោះឡើយ ដោយគាត់បានរិះគន់ពីអសមត្ថភាពរបស់អ្នកដឹងនាំ ព្រោះមេដឹកនាំទាមទារឲ្យមានចំណេះដឹងជ្រាលជ្រៅណាស់ គឺមិនមែនមនុស្សពាក់ម្កុដ និងគ្រឿងអលង្កាពេញខ្លួន ឬមិនមែនសំដៅទៅលើតែមនុស្សដែលគេជ្រើសរើស ដោយសារមានទ្រព្យសម្បត្តិច្រើន ឬឫកពារខ្ពស់សមរម្យ ឬមិនមែនសំដៅទៅលើមនុស្សដែលបានអំណាចដោយសារកម្លាំងអាវុធ និងអំពើហិង្សាពូកែភូតភរនោះទេ ។ ឯពួកសូហ៊្វីល ដែលជាក្រុមអ្នកប្រាជ្ញបន្តត្រកូល មានសំលៀកបំពាក់ស្អាតបាត ឫកពារខ្ពង់ខ្ពស់ មានអំនួតលើចំណេះដឹងខ្លួន ថាចេះនូវអ្វីៗគ្រប់យ៉ាង ផ្ទុយពីសូក្រាត ដែលថាខ្លួនមិនចេះអ្វីសោះ ។ ពួកសូហ៊្វីលដែលនៅអែបអ្នកកាន់អំណាចនោះមានការច្រណែនឈ្នានីស នឹងសូក្រាតយ៉ាងខ្លាំង ព្រោះតែងតែបាក់មុខមាត់ នៅចំពោះមុខទស្សនៈរបស់សូក្រាតជានិច្ច ។
ដោយមានសេចក្ដីច្រណែន និងភ័យខ្លាច រដ្ឋាភិបាលក្រុងអាថែនបានចោទប្រកាន់ និងកាត់ទោសប្រហារជីវិតសូក្រាតពីបទមិនគោរពដល់ព្រះ ផ្សព្វផ្សាយដំណឹងអកុសលផ្សេងៗ និងបំផ្លាញអនាគតរបស់យុវជន ។ ប៉ុន្តែគាត់មិនបានភ័យតក់ស្លុតឡើយ ហើយក៏មិនលួចរត់ចេញពីគុកតាមការជួយរបស់មិត្តភ័ក្តិដែរ ព្រោះគាត់មានជំនឿលើគោលការណ៍របស់ខ្លួនយ៉ាងមុតមាំថា មិនឆ្លើយតបនឹងអំពើអយុត្តិធម៌ ដោយអំពើអយុត្តិធម៌ឡើយ ហើយពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ចគោរពច្បាប់ និងទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន ។ ចុងក្រោយគាត់បានបាត់បង់ជីវិតដោយការផឹកថ្នាំពុល តាមច្បាប់កំណត់ ។
តើនៅក្រុងអាថែននាសម័យនោះ អ្នកណាជាមនុស្សអាក្រក់បំផុត?
គឺសូក្រាតអាក្រក់បំផុត បើនិយាយពីរូបរាងខាងក្រៅ ប៉ុន្តែដូងចិត្ត បេះដូងរបស់គាត់ស្អាតបរិសុទ្ធគ្មានអ្នកណាប្រៀបបាន ។ តែខាងផ្នែកដួងព្រលឹង និងស្មារតី គឺពួកសូហ៊្វីល និងអ្នកកាន់អំណាចផ្ដាច់ការទៅវិញ ដែលអាក្រក់បំផុត ទោះបីពួកគេលំអរដោយអលង្ការ ដែលមានតម្លៃដ៏មហាសាល និងអំណាចឥតព្រំដែនក៏ដោយ។
**ដែលហៅថាមនុស្ស គឺដួងចិត្តរបស់គេនោះឯង… ឯរាងកាយគ្រាន់តែជាសំបកខាងក្រៅដូចអង្កត់អុសអញ្ចឹង ។ រាងកាយ ជាឧបករណ៍ស្ដាប់តាមបញ្ជារបស់ចិត្តជានិច្ច ។ មនុស្សអាក្រក់ ឬល្អ គឺស្ថិតនៅក្នុងចិត្ត ព្រោះអ្វីៗគ្រប់យ៉ាង មានចិត្តជាប្រធាន ជាអ្នកដឹងនាំ ។ ឋានៈពិតប្រាកដរបស់មនុស្ស គឺគុណធម៌ដែលនៅក្នុងចិត្តរបស់គេនោះឯង ៕
“អាក្រក់ អាក្រក់ចុះឲ្យតែល្អ, ខ្មៅ ខ្មៅចុះឲ្យតែស, ក្រ ក្រចុះឲ្យតែមាន…”
ដងស្រង់ចេញពីសៀវភៅ៖ ខួរក្បាលខ្មែរទម្ងន់ប៉ុន្មាន?