ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិ​ជីវិត​ព្រះ​គ្រូអាចារ្យ ជោតញ្ញារណោ​វរបុរស់ជាតិ ហែម ចៀវ

អដ្ឋិធាតុ​របស់​ព្រះ​អាចារ្យ​ហែម ចៀវ បាន​នាំ​យក​ពី​កោះ​ត្រឡាច កន្លែង​ដែល​ព្រះ​អង្គ​អស់ព្រះជន្ម​មក​ធ្វើបុណ្យ​រំលាយ​នៅ​ថ្ងៃ​ទី​២០​និង​២១ ខែកក្កដា ឆ្នាំ​១៩៧២ ហើយ​ស្រប​ពេល​នោះ​សៀវភៅ​ស្តី​ពី​ជីវប្រវត្តិ​របស់​ព្រះ​អង្គ​បាន​បោះពុម្ពផ្សាយ​ក្រោម​ស្នាដៃ​រៀបរៀង​របស់​លោក​គុយ ឡូត ។

ដើម​កំណើតរបស់ព្រះអាចារ្យ ហែម ចៀវ

លោក​អាចារ្យ​ហែម ចៀវ កើត​នៅ​ថ្ងៃ​អង្គារ ខែមាឃ ឆ្នាំច ពុទ្ធ​ស័ក​រាជ ២៤៤១ គ្រឹ​ស្ត​សករាជ ១៨៩៨ នៅ​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល ។ ឪពុក​ឈ្មោះ ហែម ធ្វើ​ជា​មេស្រុក ម្តាយ​ឈ្មោះ ទីវ ។ មាន​បងប្អូន​៤​នាក់ គឺ​ឈ្មោះ ហែម លី​, ហែម ហួត​, នាង​ហែម សុច និង​នាង​ហែម សាយ ឯ​លោក​ហែម ចៀវ ជា​កូន​ទី​២ បន្ទាប់​ពី​ហែម លី ។

វ័យ​កុមារភាព

កាល​នៅ​ពី​ក្មេង កុមារ​ហែម ចៀវ មាន​ជីវភាព​ដូច​ក្មេង​អ្នកស្រុក អ្នកស្រែ​ធម្មតា​ដែរ​។ ធ្លាប់​ដើរ​តាម​ម្តាយ​ទៅ​ស្រែ ធ្លាប់​ឃ្វាលគោ​ជាមួយ​ក្មេង​គង្វាល ធ្លាប់​អាស្រ័យ​ទឹក​តាមដាន​ជើងគោ ធ្លាប់​អាស្រ័យ​បាយ​ហាលថ្ងៃ​ក្តៅ​នៅ​កណ្តាល​ស្រែ ធ្លាប់​ត្រូវ​ភ្លៀង ត្រូវ​ខ្យល់ គឺថា​មាន​សម្បុរស្បែក​ជា​កូន​កសិករ​សុទ្ធ​សាធ ។ ដោយ​ឪពុក​ម្តាយ​ជា​អ្នក​កាន់​គោរព​ព្រះពុទ្ធ​សាសនា​មុតមាំ​នោះ កុមារ​ហែម ចៀវ ក៏​តែង​បាន​ចូល​វត្ត​​ស្តា​ប់លោក​សូត្រធម៌ លោក​ទេសន៍ រាល់​ឱកាស​បុណ្យ​ជាមួយ​ឪពុក​ម្តាយ​ពុំដែល​ខាន ។

លុះ​វ័យ​ល្មម​ឱ្យ​នៅ​វត្ត​ហើយ មេស្រុក​ហែម​ជា​ឪពុក​ក៏​នាំ​ប្រគេន​ឱ្យ​នៅ​នឹង​ព្រះសង្ឃ​ស​ត្ថា ជួន ណាត វត្ត​ឧ​ណា្ណ​លោម ក្រុងភ្នំពេញ ដោយ​ព្រះ​គ្រូ​អង្គ​នេះ​ក៏​ជា​អ្នក​ធ្លាប់​ប្រាស្រ័យ​រក​ជិតដិត​របស់​មេស្រុក​ហែម ស្រាប់ ។

វ័យសិក្សា

មក​នៅ​នឹង​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា ជួន ណាត កុមារ​ហែម ចៀវ ជា​ក្មេង​យកចិត្តទុកដាក់​រៀនសូត្រ​អក្សរ​លំនាំ​ឥត​មាន​ធ្វេស​ដរាប​ដល់​ចេះ​អាន​ចេះ​សរសេរ ។ ជា​កុមារ​មាន​បញ្ញា​ឆ្លៀវឆ្លាត មាន​ឫកពា​សមរម្យ ព្រះ​គ្រូ​សង្ឃ​ស​ត្ថា​សព្វព្រះទ័យ​ណាស់ និមន្ត​ទៅ​ណា ទៅ​សូត្រ​មន្ត ទៅ​ទេសន៍ តែង​យក​កុមារ​ហែម ចៀវ ស្ពាយ​ថង់យាម​ទៅ​តាម​ពុំដែល​ខាន ។

ធ្វើ​តាម​ទម្លាប់​ពុទ្ធសាសនិក​ខ្មែរ ម្តាយ​ឪពុក​ក៏​បាន​បំបួស ហែម ចៀវ ជា​សាមណេរ ហើយ​ឱ្យ​នៅ​នឹង​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា​តទៅ​ទៀត ។ សាមណេរ ហែម ចៀវ ក៏​ផ្តើម​សិក្សា​ព្រះ​បរិយត្តិ​ធម៌​ឡើង ហើយ​ការ​សិក្សា​ក៏​បាន​ចម្រើន​លូតលាស់​ជា​លំដាប់ ។

ដល់​អាយុ​២០​ឆ្នាំ (​គ​.​ស ១៩១៧) ក៏​បាន​បំពេញ​សម្បទា​ជា​ភិក្ខុ​នៅ​នឹង​វត្ត​លង្កា ដោយ​មាន​ព្រះ​មហាវិមលធម្ម ថោ​ង ជា​ព្រះ​ឧបជ្ឈាយ៍ មាន​ព្រះ​គ្រូ​វរ​វិជ្ជា ល្វី ឯម និង​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា ជួន ណាត ជា​គ្រូសូត្រ ។ មាន​នាម​ឆាយា​ជា​បវរ​ជោ​ត​ញា​ណោ ។

ដោយ​ការ​ខិតខំ​ឥត​ធ្វេស នៅ​ឆ្នាំ​១៩២១ ព្រះ​ភិក្ខុ ហែម ចៀវ ក៏​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​សាលា​បាលី​ជាន់ខ្ពស់​បាន​លេខ​៦ ។

វ័យក្នុងការធ្វើកាងារ

សម័យ​នោះ រាជការ​អាណានិគម​បារាំង បាន​បង្កើត​ឱ្យ​មាន​សាលា​បឋម​សិក្សា​នៅ​តាម​វត្ត​នានា​ក្នុង​ប្រទេស ហើយ​បង្កើត​មុនគេ​គឺ​នៅ​នឹង​ខេត្តកំពត ។ កាល​ណោះ​ចៅហ្វាយ​ខេត្តកំពត​គឺ​បារាំង​ឈ្មោះ រេ​ស្យួ​ម ក៏​បាន​ពឹងពាក់​លោកគ្រូ​មេគណ​វត្ត​អង្គ​សូរ​ភី ហៅ​វត្ត​កន្ថោរ ស្រុក​កំពង់ត្រាច ខេត្តកំពត ឱ្យ​ជួយ​រក​ព្រះសង្ឃ​ដែល​មាន​សញ្ញាបត្រ​ចេញពី​សាលា​បាលី​ជាន់ខ្ពស់ ឱ្យ​ជួយ​បង្រៀន​ព្រះសង្ឃ​ឯទៀត​ដែល​នឹង​ត្រូវ​ប្រមូល​ជ្រើសរើស​ពី​វត្ត ឯទៀត​ៗ​ក្នុង​ខេត្តកំពត ដើម្បី​ឱ្យ​ព្រះសង្ឃ​ទាំងនោះ​មានចំណេះ​វិជ្ជាគរុ​កោសល្យ​ដើម្បី​នឹង​បង្ហាត់​សាលា​បឋម​សិក្សា​នៅ​ក្នុង​វត្ត​របស់​ខ្លួន ហើយ​ត្រូវការ​ព្រះសង្ឃ​ដែល​មាន​សមត្ថភាព​ពី​ភ្នំពេញ ជួយ​ត្រួត​សាលា​បឋម​សិក្សា​ក្នុង​ខេត្តកំពត​ផង ។

សូម​បញ្ជាក់​ថា ពេល​នោះ​ក្នុង​ខេត្តកំពត គេ​និមន្ត​ព្រះសង្ឃ​ពី​វត្ត​ខ្លះ​ក្នុង​ខេត្ត​ឱ្យ​គង់នៅ​នឹង​វត្ត​មួយ​សម្រាប់​ឱ្យ​នៅ​រៀន ដើម្បី​យកចំណេះ​វិជ្ជា​ទៅ​បង្ហាត់បង្ហាញ​នៅ​សាលា​បឋម​សិក្សា​ដែល​នឹង​បង្កើត​ឱ្យ​មាននៅ​នឹង​វត្ត​របស់​ព្រះសង្ឃ​ទាំងនោះ ។ ឯ​ទី​វត្ត​ប្រជុំ​សមណ​និស្សិត​ដើម្បី​សិក្សា​គរុកោសល្យ​នោះ គឺ​វត្ត​ក្រាំង​ដូង ​ស្រុក​បន្ទាយមាស ខេត្តកំពត ។ គឺថា​គេ​និមន្ត​លោក​ទៅ​ទីនោះ​ពុំ​មែន​ទៅ​បង្រៀន​ធម៌អ្វី​ទេ គឺ​អប់រំ​សមណ​និស្សិត​ដើម្បី​ឱ្យ​ចេះ​ដឹង​ទៅ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​តទៅ​ទៀត​ប៉ុណ្ណោះ ។ គិត​ទៅ​ផ្នែក​អប់រំ​ជាតិ​យើង ត្រូវ​មាន​ព្រះសង្ឃ​ជា​អ្នក​ដឹកមុខ​មុនគេ​ជា​ដរាប ។

ចំណែក​ព្រះ​មេគណ​វត្ត​អង្គ​សូរ​ភី កាលបើ រ៉េ​ស៊ី​ដង់ ខេត្តកំពត ពឹងពាក់​ដូច្នោះ​ក៏​និមន្ត​ទៅ​ភ្នំពេញ​ជួបនឹង​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា ជួន ណាត ដែល​ធ្លាប់​ស្គាល់គ្នា​ឱ្យ​ជួយ​រក​ព្រះសង្ឃ​មាន​សមត្ថភាព​តាម​រាជការ​កំណត់​នោះ ។ ព្រះ​គ្រូ​សង្ឃ​ស​ត្ថា ក៏​ហៅ​ព្រះ​ភិក្ខុ ហែម ចៀវ មក​ប្រាប់​ពិគ្រោះ​ការ​ដោយ​ចង់​តម្រូវ​ឱ្យ​ភិក្ខុ​នេះ​ចេញ​ទៅ​បម្រើ​ផ្នែក​នោះ​ផង ។ ព្រះ​ភិក្ខុ ហែម ចៀវ ក៏​បាន​ព្រមព្រៀង​និមន្ត​ទៅ ដោយ​សេចក្តី​ស្ម័គ្រ ។

តាំងពី​បាន​ចេញពី​ភ្នំពេញ​ទៅ​បំពេញ​កិច្ចការ​នៅ​ក្រាំង​ដូង ព្រះ​ភិក្ខុ ហែម ចៀវ បាន​ខិតខំ​យកចិត្តទុកដាក់​បម្រើ​រដ្ឋ និង​សាសនា​ខ្លាំង​ណាស់ ឥត​គិត​ខ្លាច​នឿយហត់​សោះឡើយ ។ លោក​បាន​បង្ហាត់បង្រៀន​ព្រះសង្ឃ​ដែល​មក​រៀន​នោះ​ដោយ​ព្រះ​ទ័យ​ស្មោះ និង​ដោយ​ខិតខំ​បំផុត ។ លោក​តែង​មាន​ពុទ្ធដីកា​ថា លោក​ចង់ឱ្យ​ព្រះសង្ឃ​ទាំងនោះ​ចេះ​ដឹង ដើម្បី​យកចំណេះ​នោះ​ទៅ​បង្រៀន​កូនចៅ​ខ្មែរ​តទៅ​ទៀត​ឱ្យ​ចេះ​ដឹង​ព្រម​គ្នា​ផង​។ ក្រៅ​អំពី​ការ​បង្ហាត់​គរុវិជ្ជា ភិក្ខុ​ហែម ចៀវ ត្រូវ​បាន​ឧបាសក ឧបាសិកា​ច្រើន​វត្ត​និមន្ត​ទៅសម្តែងធម៌​ទេសនា​ពន្យល់​ពី​បុណ្យ​បាប ពី​ផ្លូវលោក និង​ផ្លូវធម៌ ដែល​មាន​គេ​ចុះចូល​ពេញចិត្ត​នឹង​លោក​ជា​ច្រើន ។ ដោយ​ចិត្តមេត្តា​និង​សន្តោស​នេះ មាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចូល​ចិត្ត​លោក​ណាស់ ។

នៅ​ខែមីនា ឆ្នាំ​១៩៣១ សាលា​បាលី​ជាន់ខ្ពស់​ត្រូវការ​ជ្រើសរើស​សាស្ត្រាចារ្យ​សាលា​បាលី​ពីរ​រូប ។ បេក្ខជន​ដែល​អាច​ប្រឡង​បាន​ត្រូវ​មាន​ជា​ចាំបាច់​មធ្យមសិក្សាប័ត្រ​សាលា​បាលី​ជាន់ខ្ពស់ ព្រះ​ភិក្ខុ​ហែម ចៀវ ក៏​ឆ្លៀត​មក​ប្រឡង​នឹង​គេ ដែរ ។ គួរ​ឱ្យ​ស្តាយ​បន្តិច ក្នុង​ការ​ប្រឡង​ជ្រើសរើស​នោះ​លោក​ប្រឡង​ជាប់​លេខ​៣ ដូច្នេះ​លោក​ពុំ​បាន​ជាប់​ជា​សាស្ត្រាចារ្យ​ដូច​បំណង​ឡើយ ឯ​អ្នក​ជាប់​លេខ​១ និង​លេខ​២ ដែល​ត្រូវ​តែងតាំង​ជា​សាស្ត្រាចារ្យ​នោះ ក៏​ជា​មិត្ត​របស់​លោក​ដែរ គឺ​ព្រះ​ភិក្ខុ អ៊ុ​ច រស់ និង​ប៉ែន សុខ ។ ឯ​ព្រះ​ភិក្ខុ ហែម ចៀវ ក៏​ទៅ​ក្រាំង​ដូង​វិញ ។

ប៉ុន្តែ​កន្លង​មក​ប្រមាណ​ជា​៦​ខែ សាស្ត្រាចារ្យ​ម្នាក់​នៅ​សាលា​បាលី​ជាន់ខ្ពស់ គឺ​លោក​ឧក​ញ​ាព្រះ​ធម្ម​ប្រីជា «​កង​» បាន​ទទួលអនិច្ចកម្ម​ទៅ​លោក​​ក្រមការ ជុំ ម៉ៅ ធ្វើការ​នៅ​ព្រះរាជ​បណ្ណាល័យ ដែល​ជា​អ្នកចាត់ការ​ក្នុង​សាសន​សិក្សាធិការ ក៏​បាន​ពិគ្រោះ​នឹង​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា ចង់​សុំ​តាំង​ព្រះ​ភិក្ខុ ហែម ចៀវ ជា​សាស្ត្រាចារ្យ​ជួស​ឡើង​ដោយ​ពុំ​ចាំបាច់​ប្រឡង​ទៀត ព្រោះ​លោក​កាល​ប្រឡង​នោះ​ក៏​ជាប់​លេខ​៣​ស្រាប់ ។ ព្រះ​គ្រូ​សង្ឃ​ស​ត្ថា សុំ​ឱ្យ​លោក​ជុំ ម៉ៅ ពិគ្រោះ​នឹង​អស់លោក​ឯទៀត​ចុះ កុំឱ្យ​មាន​ពាក្យ​គេ​ថា លោក​ជួយ​តែ​សិស្ស​របស់​ឯង ។ លោក​ជុំ ម៉ៅ ក៏​បាន​ពិគ្រោះ​នឹង​អ្នកធំ​ខាងលើ​ទៀត ជាដើម​គឺ​នាង​កញ្ញា​កា​បឺ​ឡែ​ស អ្នកគ្រប់គ្រង​ព្រះរាជ​បណ្ណាល័យ ។ ព្រះ​មហាវិមលធម្ម ថោ​ង ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ ។ រ៉េ​ស៊ី​ដង់ ស៊ូ​ប៉េ​រី​យើរ ព្រមទាំង​សម្តេច​ចក្រី​ប៉ុណ្ណ រដ្ឋមន្ត្រីក្រសួង​សិក្សាធិការ ។ អស់លោក​ទាំងនោះ​បាន​យល់ព្រម​តាម​សំណើ​នេះ ។

ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​១៩៣២ ព្រះ​ភិក្ខុ ហែម ចៀវ ត្រូវ​បាន​តែងតាំង​ជា​សាស្ត្រាចារ្យ​ភាសាបាលី​នៅ​សាលា​បាលី​ជាន់ខ្ពស់ ។ បន្ថែម​លើ​នាទី​សាស្ត្រាចារ្យ​នេះ លោក​ត្រូវ​តែងតាំង​ជា​សមាជិក​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ផង​ទៀត (​រាជប្បញ្ញត្តិ​លេខ​៣៦ ចុះ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​១៩៣២ ក្នុង​ជំនាន់​ហ្លួង​ស៊ី​សុវត្ថិ មុនី​វង្ស និង​រ៉េ​ស៊ី​ដង់ ស៊ូ​ប៉េ​រី​យើរ ស៊ី​ល​វ៉េ​ស្ត្រ ។

កាលបើ​បាន​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់ខ្ពស់​ហើយ លោក​ក៏​បាន​មាន​មិត្តភក្តិ​អ្នកចេះ​ដឹង​កាន់តែ​ច្រើន ជា​ពិសេស​បាន​នៅ​ជិត​ព្រះសង្ឃ កំពូល​ៗ​ជំនាន់​នោះ​ផង ដែល​រឹតតែ​ធ្វើ​ឱ្យ​លោក​មានចំណេះ​ទូទៅ​ប្រសើរ​ឡើង ។ ម្យ៉ា​ង​ទៀត​ការ​បង្ហាត់បង្រៀន​សិស្ស​ក៏​អាច​ឱ្យ​លោក​មានការ​ពិសោធ​ជ្រាលជ្រៅ​ថែម​ទៀត ។ សាស្ត្រាចារ្យ​សម័យ​នោះ​គេ​ហៅ​ខ្លី​ថា «​អាចារ្យ​»​។ លោក​អាចារ្យ ហែម ចៀវ មាន​គេ​ស្គាល់​ច្រើន​ដោយសារ​លោក​ពូកែ​បង្រៀន ពូកែ​ទេសន៍ ប៉ុន្តែ​សំខាន់​បំផុត​ដែល​ធ្វើ​ឱ្យ​លោក​មានឈ្មោះ​ល្បី​នេះ​គឺ​ត្រង់​លោក​ជា​ព្រះសង្ឃ​ស៊ី​វិ​ល័យ ភ្លឺស្វាង លោក​មានគំនិត ថ្មី​ៗ​ជា​ច្រើន ពោល​ឱ្យ​ចំ​ទៅ គឺថា​លោក​ជឿនលឿន​ស្រឡាញ់​ឯករាជ្យ​ស្រុក​ទេស ហ៊ាន​និយាយ ហ៊ា​ន​ថា ដែល​សម័យ​នោះ​គេ​ពុំ​សូវ​ហ៊ាន ។

លោក​អាចារ្យ ហែម ចៀវ មាន​រូប​លក្ខណៈ ស្មា​ធំ ចង្កេះ​រៀវ ថ្ងាសទូលាយ ថ្គាម​ថ្លែន សំឡេង​ក្រាងក្រឪ មូល​គ្រលួច ។ ជា​អ្នកមាន​វោហារ បាន​មាត់​បានក គេ​ចូល​ចិត្ត​សម្តី​លោក​ណាស់ ។ លោក​មាន​កិរិយា​ស្រគត់ស្រគំ ហើយ​មាន​បរិមណ្ឌល​សម​រ្យ​មិន​រយីក​រយាក ឫកពា​ថ្លៃថ្នូរ និង​សង្ហា ។ លោក​ជា​អ្នកមាន​អនាម័យ ។

និស្ស័យក្នុងការ​បណ្ដុះគំនិត

ក​-​លោក​អាចារ្យ​ហែម ចៀវ មានគំនិត​ជឿនលឿន​និយម ចូល​ចិត្ត​ដឹង​ស្ថានការណ៍ពិភព​លោក 

លោក​ចូល​ចិត្ត​អាន​សារព័ត៌មាន ទស្សនាវដ្តី​ជា​ភាសា​ថៃ និង​កាសែត​បារាំង មាន​កាសែត​ឡា​វេរី​តេ អូ​ពី​នី​ញ៉ុ​ង អាំ​ប៉ាស្យ៉ាល់ និង​ប្រេស​ដឺ​សេ​ហ្ក​ង ។ ឯ​សារព័ត៌មាន និង​ទស្សនាវដ្តី​ជាតិ​យើង ពុំ​ទាន់​មាន​ទេ មាន​តែ​សារព័ត៌មាន​នគរវត្ត ដែល​ចាប់​ចេញផ្សាយ​ពី​ឆ្នាំ​១៩៣៦ ដឹកនាំ​ដោយ​លោក​សឹង ង៉ុ​កថា​ញ់​, ប៉ាច ឈឺ​ន​, សឹម វ៉ា​…​ឯ​ទស្សនាវដ្តី​គ្មាន​សោះ ។

សម័យ​នោះ​ប្រជាជន​ពិភព​អា​រ៉ា​ប់ និង​អាហ្វ្រិក ដែល​នៅ​ក្រោម​អាណានិគម​បារាំង ចេះ​មានគំនិត​ប​ាស់បោល​ទាមទារ​យក​ឯករាជ្យ ហើយ​មេ​អាណា​និគម​និយម​​នេះ​តែងតែ​ប្រើ​កម្លាំង​អាវុធ​បង្ក្រាប​ប្រទេស​ទាំងនោះ ។ ដំណឹង​ទាំងនេះ នាំ​ឱ្យ​លោក​អាចារ្យ ហែម ចៀវ មានគំនិត​កាន់ជើង​ជួយ​គិត​វាសនា​ប្រទេស​តូចតាច​ទាំងនោះ រួច​ផ្គូផ្គង​មក​នឹង​ប្រទេស​ខ្មែរ​ដែល​នៅ​ក្រោម​អំណាច​បារាំង​ផង​ដែរ ។ លោក​តែង​និយាយ​ស្ងាត់កំបាំង​ថា «​បារាំង​ជា​អ្នក​ជិះជាន់​គេ​ណាស់» ។

លោក​អាចារ្យ​ហែម ចៀវ មាន​មិត្ត​បារាំង​ម្នាក់​ឈ្មោះ​ម៉ា​នី​ពូ ដែល​ចេះ​តែ​និយាយ​ពី​រឿង​នយោបាយ​សាកលលោក​ប្រាប់​លោក ហាក់ដូចជា​រឹតតែ​បំភ្លឺលោក​ឱ្យ​កាន់តែ​ភ្លឺ​ឡើង​ទៀត ។

សម័យ​នោះ​ផង​ដែរ បារាំង និង​អា​ល្លឺ​ម៉​ង់ ផ្តើម​ច្បាំង​គ្នា លោក​អាចារ្យ​ហែម ចៀវ បាន​តាមដាន​ព្រឹត្តិការណ៍​នោះ រាល់​ៗ​ថ្ងៃ ហើយ​បើ​ឃើញ​ព័ត៌មាន​ថា ទ័ព​បារាំង​ចាញ់​អា​ល្លឺ​ម៉​ង់ លោក​រមែង​មាន​ពុទ្ធដីកា​ប្រាប់​សិស្សគណ និង​មិត្តភក្តិ​ថា «​បារាំង​អន់​ណាស់ អា​ល្លឺ​ម៉​ង់​ទើប​ខ្លាំងពូកែ !» ។

សម័យ​នោះ ប្រទេស​យើង​នៅ​ក្រោម​អំណាច​បារាំង មន្ត្រី​ខ្មែរ​ភាគច្រើន​សឹងតែ​ចូល​ចិត្ត​បារាំង ផ្គាប់ផ្គុន​បារាំង​ដើម្បី​បុណ្យស័ក្តិ គេ​មិន​ត្រូវការ​នឹង​រឿង​រំដោះ​ស្រុក​ទេស​អ្វី​ទេ ។ ពំនោល​របស់​ព្រះ​អាចារ្យ​ហែម ចៀវ រមែង​ជ្រួតជ្រាប​ដល់​ត្រចៀក​អស់លោក​ទាំងនោះ ដែល​ធ្វើ​ឱ្យ​អស់លោក​ទាំងនោះ​មិន​សប្បាយចិត្ត ។ គេ​កួច​ក្នុង​ចិត្ត​ថា លោក​អាចារ្យ​ហែម ចៀវ នេះ​ប្រឆាំង​នឹង​បារាំង​ហើយ ។

លោកគ្រូ​អាចារ្យ​ប៉ែន សុខ ដែល​ជា​មិត្តភក្តិ​ដឹង​ថា​មាន​គេ​មិន​សប្បាយ​ចិត្តនឹង​ព្រះ​អាចារ្យ ហែម ចៀវ ក៏​ប្រាប់​រំលឹក​ព្រះ​អាចារ្យ​នេះ​ថា ៖ «​សូម​ឱ្យ​លោក​ប្អូន​ចៀវ ឯង​ប្រយ័ត្ន​មាត់​បន្តិច​ទៅ ពីព្រោះ​មាន​គេ​សម្គាល់ថា យើង​ប្រឆាំង​នឹង​បារាំង ប្រយ័ត្ន​គិញ​បារាំង​គេ​យកការណ៍​បាន​គេ​នឹង​ចាប់​ទៅ​ធ្វើ​ទោស​!» ។

តែ​លោក​អាចារ្យ ហែម ចៀវ ឆ្លើយ​តប​វិញ​ថា ៖ «​លោក​បង​សុខ ឯង​បើ​មិន​ហ៊ាន​និយាយ​នៅ​ឱ្យ​ស្ងៀម​ទៅ បើ​មិន​ជួយ​ចូក​ជួយ​ចែវ​កុំ​យកជើងរាទឹក​! នៅ​ឱ្យ​ស្ងៀម​! ចាំ​ឆ្អិន​សឹម​ស៊ី​ទៅ ! សម័យនេះ​ត្រូវ​តែ​ហ៊ា​ន​និយាយ​ខ្លះ ដាស់​គ្នា​ឱ្យ​យល់​រឿង​ពិភពលោក ។ ពិភពលោក​គេ​ភ្ញាក់ផ្អើល​ខ្លះ​ហើយ យើង​ត្រូវ​បើក​ភ្នែក​មើល​គេ​ខ្លះ​ផង !» ។

លោក​អាចារ្យ​សុខ ក៏​នៅ​ស្ងៀម​ខ្លាច​ព្រះ​អាចារ្យ ហែម ចៀវ បន្ទោស ។
លោក​អាចារ្យ ហែម ចៀវ មាន​សិស្ស​ជំនិត​មួយ​រូប គឺ​លោក​នួន ឌួ​ង ។ លោក​នួន ឌួ​ង មាន​និស្ស័យ​ដូច​លោក​ដែរ ។

ខ​-​ដោយ​និស្ស័យ​គំនិត​ជា​អ្នក​បដិវត្តន៍

​សម័យ​នោះ​គេ​មិនដឹង​នឹង​ឱ្យឈ្មោះ​ហៅ​ថា​ដូច​ម្តេច​ផង លោក​អាចារ្យ ហែម ចៀវ តែងតែ​ចង់​ឃើញ​ស្រុក​ទេស​ចេញ​ផុត​ពី​ចំណុះ​គេ ចង់​ឃើញ​ការ​តស៊ូ​របស់​ប្រជាជន​ខ្មែរ​ដើម្បី​ឯករាជ្យ ។

ដូច្នេះ​ទេសនា​ក្នុង​ទីណា​ក៏​ដោយ ពោល​អ្វី​ក៏​ដោយ​ច្រើន​តែ​ផ្អៀង​ទៅ​លើ​ការ​រំលឹក​ដាស់តឿន​ពុទ្ធបរិស័ទ​ឱ្យ​យល់​រឿង​ជាតិ​នោះ​ជា​ដរាប ។ ធម្មទេសនា​របស់​លោក​មាន​ច្រើន​តែ​រឿង​វីរិយៈ ព្យាយាម កុំឱ្យ​ខ្ជិលច្រអូស ។ លោក​ថា ការ​ខ្ជិលច្រអូស បណ្តែតបណ្តោយ ប្រចាំ​គេ​ប្រចាំ​ឯងនោះ គឺជា​ទោស​នាំ​ឱ្យ​ខ្លួន​ធ្លាក់​ទៅ​ក្នុង​ទាសភាព​ដោយ​ត្រង់​តែ​ម្តង ។ លោក​ចូល​ចិត្ត​យកពាក្យ «​ទាសភាព​» នេះ​មក​វែកញែក​ណាស់ ហើយ​ផ្គូផ្គង​ប្រៀបធៀប​ជា​របៀប​ដាស់តឿន​សម្រាប់​ស្រុក​ទេស​ផង លោក​មាន​ពុទ្ធដីកា រឿយ​ៗ​ថា «​យើង​រាល់គ្នា​នៅ​ក្នុង​វដ្តសង្សារ​នេះ សឹង​ស្ថិត​នៅ​ក្នុង​អានុភាព​របស់​កិលេស​គ្រប់​គ្នា យើង​ជា «​ទាសករ​» របស់​កិលេស​គ្រប់​គ្នា ។ ទាសភាព​នេះ​ជា​ទម្ងន់ សង្កត់​ជីវិត​យើង​មួយ​ជាន់​ទៅ​ហើយ ប៉ុន្តែ​ធ្វើ​ម្តេច បើ​យើង​នៅ​ត្រាំ​ក្នុង​អន្លង់​វដ្តសង្សារ​ដូច្នេះ​ទៅ​ហើយ នឹង​គេច​ទៅ​ឯណា​រួច ? យើង​ទ្រាំ​ទៅ​ចុះ ! ប៉ុន្តែ​បើ​យើង​នេះឯង នៅ​សុខចិត្ត​ប្រគល់​ខ្លួន​ជា «​ទាសករ​» របស់​មនុស្ស​ដូច​គ្នា​ទៀត​នោះ ការ​នេះ​គួរ​ឱ្យ​ស្តាយ​ពេក​ណាស់ យើង​ដូច​ជា​សត្វ​ធាតុ​តែ​ម្តង ! យើង​មិន​គួរ​ទទួល​ទម្ងន់ «​ទាសភាព​» នេះ​មក​ទូល​រែក​ទៀត​សោះ !» ។
លោក​អាចារ្យ ហែម ចៀវ បាន​រំលឹក​សិស្សគណ​ថា កើតមក​ជា​មនុស្ស​ត្រូវ​មានការ​ព្យាយាម តស៊ូ កុំ​អស់សង្ឃឹម​ឱ្យ​សោះ ។

អំពី​រឿង​ព្យាយាម «​វីរិយៈ​» លោក​ឧស្សាហ៍​នាំ​ព្រះ​ជនក​ជាតក​មក​តំណាល​ណាស់ ស្ទើរ​គ្រប់​រឿង​ដែល​ត្រូវ​ទេសនា ។ ដើម្បី​ពន្យល់​អ្នក​ស្តាប់​ឱ្យ​កើត​គំនិត​ព្យាយាម​ឡើង លោក​ថា ព្រះ​ជនក​ពោធិសត្វ លោក​ពុំ​លះបង់​វីរិយភាព​ឡើយ សូ​ម្បី​លិច​សំពៅ​វង្វេង​កោះ​ត្រើយ ឃើញ​មុខជា​ស្លាប់​កណ្តាល​សមុទ្រ​នោះ​ដូច​ម្តេច ក៏​លោក​នៅ​តាំងស្មារតី​ត្រដរ​ហែ​លត​ទៀត ថែម​ទាំង​ឆ្លៀត​ខ្ពុរមាត់​សម្អាត​ធ្មេញ ទន្ទេញធម៌ អធិដ្ឋាន ពេល​ព្រះ​ចន្ទ​ពេញ​បូរ​មី​ដែល​លោក​មើល​ពី​ក្នុង​សមុទ្រ​ទៅ​… គឺ​លោក​មាន​វីរិយភាព​មាំ​ណាស់ ពុំ​បណ្តោយ​ឱ្យ​ការ​អស់សង្ឃឹម​មក​ទាញ​យកអាយុ​សង្ខារលោក​ឡើយ ។

នោះ​ជា​រឿង​មហា​ជនក នៅ​ក្នុង​លំហ​សមុទ្រ ម្តេច​ក៏​គង់​លោក​ខំ​ទាល់តែ​បាន​សម្រេច ចុះ​យើង​រាល់គ្នា​នៅ​លើគោក​ត្រលាំង ម្តេច​ក៏​ខ្ជិល ម្តេច​ក៏​ដាក់ធុរៈ​ចំពោះ​កិច្ចការ ? ម្តេច​ក៏​ចាំ​វាសនា​មក​ដឹកមុខ ? រួច​ពី​ពោល​ដូច្នេះ ព្រះ​អាចារ្យ​ហែម ចៀវ ក៏​ពោល​បញ្ឆៀង​ៗ មក​រឿង​ស្រុក​ទេស ដែល​រាល់គ្នា​ត្រូវ​តែ​ព្យាយាម​រចនា​ឱ្យ​ប្រសើរ​ថ្លៃថ្លា​ឡើង ។

គ​-​ប្រការ​មួយទៀត លោក​ចូល​ចិត្ត​ទេសនា​រំលឹក​ដាស់តឿន​ប្រជាជន​ខ្មែរ​ឱ្យ​មានគំនិត​លះបង់​ទម្លាប់​អាក្រក់​នៅ​ក្នុង​សង្គម​ផង 

សម័យ​នោះ ខ្មែរ​យើង​នៅ​មាន​ទម្លាប់​ម្យ៉ាង​ក្នុង​រឿង​រៀបចំ​កូន​ឱ្យ​មានគូស្រករ គឺ​ម្តាយ​ឪពុក​ខាង​ស្រី​ចូល​ចិត្ត​ឱ្យ​កូនប្រសា​របម្រុង​ការ​មក​នៅ​បម្រើ​ខ្លួន ។ ជួនកាល​បង្គាប់​ឱ្យ​ខាង​ប្រុស​ធ្វើ​ផ្ទះក្បឿង គ្រឿង​ស្រឡៅ​បី​បួន​ខ្នង​ឱ្យ​ខ្លួន ។ ការ​បង្គាប់​ដូច្នោះ លោក​យល់​ថា ជា​អយុត្តិធម៌​ពេក​ណាស់ ហើយ​ខុស​នឹង​សង្គហធម៌​ផង ។ ព្រោះ​ម្តាយ​ឪពុក​ត្រូវ​មាន​សង្គហធម៌​ចំពោះ​កូន មិន​ថា​ប្រុស ថា​ស្រី​ទេ គឺ​សង្គ្រោះ​ស្រឡាញ់​ស្មើ បើ​យើង​គាបសង្កត់​តែ​ទៅ​លើ​កូនប្រុស​ដូច្នេះ ហាក់​យើង​មិន​ពេញចិត្ត​កូនប្រុស​សោះ ។ កូនប្រុស​នោះ​ពុំ​មែនមាន​តែ​ខាងគេ​ទេ យើង​ក៏​មាន​ដែរ ហើយ​បើ​យើង​មិន​ព្រម​នាំ​គ្នា​ជម្រុះ​ទម្លាប់​នេះ​ចេញ​ទេ កូនប្រុស​យើង​ក៏​ត្រូវ​ធ្ងន់​ក​ដែរ ពេល​ដែល​ត្រូវ​ទៅ​ស្តីដណ្តឹង​កូនស្រី​គេ​នោះ ។ ម្យ៉ាង​ទៀត ការ​គាបសង្កត់​ខ្លាំង​ពេក គឺ​បង្គាប់​ខ្លាំង​ពេក​រហូត​ដល់​ខាង​ប្រុស​គ្នា​ធ្លាក់​ក្រ​ដុនដាប​នោះ វា​មិនមែន​វេទនា​តែ​ប្រុស​នោះ​ទេ ខាង​កូនស្រី​យើង​ឯង​នេះ ក៏​ត្រូវ​វេទនា​ទៅ​ផង​ដែរ ។ ហេតុនេះ​បើ​យើង​បន្ធូរបន្ថយ​ខ្លះ ជួយ​សម្រាល​ខ្លះទៅ​នោះ ក៏​ដូច​ជា​ជួយ​ខ្លួន​យើង​ទៅ​វិញ​ទេ ។ កូនប្រសារ​យើង​បាន​ធូរ កូនស្រី​យើង​ក៏​បាន​ស្រួល យើង​ជា​ម៉ែឪ​ក៏​ស្រណុកចិត្ត គ្រួសារ​ទាំងមូល​ក៏​មាន​សុភមង្គល ។

ឃ​-​លោក​អាចារ្យ ហែម ចៀវ ចូល​ចិត្ត​អប់រំ​ឱ្យ​ម្តាយ​ឪពុក​បញ្ជូន​កូន​ទៅ​សាលារៀន 

ឆ្លៀតឱកាស រឿយ​ៗ លោក​បាន​រំលឹក​ដាស់តឿន​ឱ្យ​ពុទ្ធបរិស័ទ​បញ្ជូន​កូនចៅ​ទៅ​រៀន​នៅ​សាលា ដែល​រាជការ​បាន​បង្កើត​តាម​វត្ត​ខ្លះ ហើយ​ថាឱ្យ​នាំ​កូនចៅ ឱ្យទៅ​រៀន​នៅ​ក្រុង​ផង​ទៅ ដោយ​សុំ​ផ្តាំផ្ញើ​ទុក​នឹង​លោកសង្ឃ ។ លោក​តែង​ថា ការ​ចេះ​ដឹង​ជា​ពន្លឺ​ធំ​ណាស់ កាលណា​យើង​ល្ងង់​បីដូច​ជា​ភ្នែក​ងងឹត ចេះ​តែ​ដើរទៅ​ពានត្រោកពានត្រាំង ។ សម័យ​នោះ ប្រជាជន​ខ្មែរ​យើង​ពុំ​សូវ​ឱ្យ​កូនចៅ​ទៅ​រៀន​នៅ​សាលា​ទេ យល់​ថា សាលា​នោះ​ជា​សាលា​បារាំង រៀន​ទៅ ពួកបារាំង នឹង​កេណ្ឌ​យក ទៅ​ធ្វើ​ទាហាន ។ លោកគ្រូ​អាចារ្យ ហែម ចៀវ តែងតែ​ជួយ​ពន្យល់​បំបាត់​កម្លាច​ចង្រៃ​នោះ​ចេញ​ជា រឿយ​ៗ ។

ង​-​ក្រៅពី​នេះ​លោក​អាចារ្យ ហែម ចៀវ តែង​គិតដល់​សុខភាព​នៃ​អ្នក​ភូមិ​ផង 

នៅ​តាម​ស្រុក​ភូមិ​ដែល​លោក​បាន​និមន្ត​ទៅ​ដល់ បើ​ឃើញ​ក្មេងក្មាង​ឯណា​មិន​ស្អាត​ប្រឡាក់ប្រឡូស លោក​តែង​នាំ​យក​ទៅ​និទាន​ជា​ឧទាហរណ៍​ឱ្យ​អ្នក​ឯទៀត​សម្អាត​កូនចៅ ដោយ​រំលឹក​ថា មាន​តែ​ការ​កខ្វក់ ការ​ប្រឡាក់ប្រឡូស នឹង​នាំ​ឱ្យ​មាន​រោគ មាន​ជំងឺ ហើយ​បើ​មាន​ជំងឺឆ្លង​ផង​ទៀត នឹង​ឆ្លង​ស្លាប់​អស់ទាំង​ភូមិ​មិន​ខាន ។

លោក​ថា ខ្មែរ​យើង​ស្លាប់​ដោយ​ជំងឺឆ្លង​នេះ​ច្រើន​លើក​មក​ហើយ តាំងពី​សម័យ​ឧដុង្គ​មក ស្លាប់​ដោយ​រោគ​អុត អាសន្នរោគ អហិវាតរោគ ស្ទើរ​អស់រលីង​ពី​ស្រុក ។ លោក​ថា ខ្មែរ​យើង​មាន​គ្នា​តិច​ផង បើ​ស្លាប់​ដោយ​រោគរាតត្បាត​ស្ទើរ​ពាយ​ដូច្នេះ​ទៀត មុខគួរ​ឱ្យ​ស្តាយ​ពន់ពេក​ណាស់ ។ លោក​សុំ​ឱ្យ​ពុទ្ធបរិស័ទ​សម្អាត​កូនចៅ និង​រូប​កាយ ចៀសវាង​ជំងឺ​ផង ។

ច​-​ទស្សនៈ​ចំពោះ​សង្គម

ជាមួយនឹង​ជីវភាព​សង្គម​សម័យ​នោះ លោក​អាចារ្យ ហែម ចៀវ តែងតែ​ទាស់​ព្រះ​ទ័យ​យ៉ាង​ខ្លាំង ព្រោះ​មិនឃើញ​មាន​ជនជាតិ​ខ្មែរ​ស្រវាស្រទេញ​រៀន​វិជ្ជា​បច្ចេកទេស​អ្វី​សោះ ។ សម័យ​នោះ​ពួក​យន្តការី ធ្វើ​រថយន្ត ធ្វើ​ម៉ា​ស៊ី​ន អ្វី​ៗ​សុទ្ធតែ​ជនជាតិ​យួន សូ​ម្បី​អ្នក​ត​ខ្សែភ្លើង​ក៏​ជា​ជាតិ​យួន​ដែរ ខ្មែរ​គ្មាន​ម្នាក់​សោះ ។ លោក​ចង់ឱ្យ​ខ្មែរ​យើង​ចេះ​ដឹង​វិជ្ជា​ផ្នែក​នេះ​ណាស់ ព្រោះ​ដូច​ជា​យ៉ាប់​ពេក ខ្មែរ​ម្ចាស់​ស្រុក​ហើយ​ទៅ​ពឹង​គេ​ឱ្យធ្វើ​ការ​ជួស​សព្វបើ​រឿង​ជួសជុល​រថយន្ត ត​ភ្លើង អ្វី​ៗ​ដូច្នេះ ។

ដោយ​គំនិត​នេះ​លោក​អាចារ្យ​ហែម ចៀវ ក៏​ចាត់​ឱ្យ​កូនសិស្សលោក​ជា​ច្រើន​នាក់​ទៅ​រៀន​នៅ​សាលា​ដែក និង​រៀន​រឿង​ខ្ចៅ​ខ្ច​ង​ម៉ាស៊ី​ន​ភ្លើង គ្រឿង​ភ្លើង​នេះ មានឈ្មោះ​ប៉ោ ជាដើម ដែល​ក្រោយមក​ចេះ​ដឹង​គ្រាន់បើ​គ្រឿង​ម៉ា​ស៊ី​ន​រថយន្ត ផ្សេង​ៗ ។

ឈ្មោះ​ប៉ោ នេះ​តែង​ខ្ចី​រថយន្ត​គេ​បើក​ជូន​លោក​អាចារ្យ​ពេល​ដែល​លោក​ត្រូវ​គេ​និមន្ត​ទៅ​ទេសន៍​ខេត្ត ឆ្ងាយ​ៗ ។

សូម​បញ្ជាក់​ថា សម័យ​នោះ​រថយន្តឈ្នួល​តិច​ណាស់ ពិបាក​រង់ចាំ​ជិះ​ណាស់ ហើយ​ទៅ​មក​យូរ​ពេក​ផង ។ បើ​គេ​និមន្ត​ទាល់តែ​ទៅ​មុន​ពេល​កំណត់​បុណ្យ​ទើបបាន មក​វិញ​ក៏​ដូច​គ្នា​ដែរ គឺ​រអាក់រអួល​ណាស់​មិន​ដូច​ចិត្ត​ទេ ។ ដំណើរ​នោះ​នាំ​ឱ្យ​ខក​ច្រើន ហើយ​ខូច​ពេល​ដែល​ត្រូវ​បង្ហាត់បង្រៀន​សិស្សសាលា​បាលី​ផង ។ លោក​មាន​សិស្ស​ចាំ​ជួយ​រក​រថយន្ត​ដូច្នេះ ជា​ការ​ស្រួល ចង់​និមន្ត​ចេញ​ទៅ​ថ្មើរ​ម៉ាន​ក៏​បាន មក​វិញ​ថ្មើរ​ម៉ា​ន​ក៏​បាន មិន​ខាត​ពេល​នឹង​ធ្វើការ​នៅ​ភ្នំពេញ​ឯណេះ ។

ព្រះ​អាចារ្យ​ហែម ចៀវ ត្រូវ​គេ​និមន្ត​ខ្វាត់ខ្វែង​សម្បើម​ណាស់ និមន្ត​ទេសន៍ និមន្ត​ឱ្យទៅ​ជួយ​រៀបចំ​បុណ្យ សឹងតែ​គ្មាន​លស់​អាទិត្យ ។ លោក​ជា​អ្នក​ពូកែ​ចាត់ចែង​រៀបចំ​បុណ្យ បុណ្យ​អ្វី​ក៏​ដោយ បុ​ណ​្យខ្មោច បុណ្យផ្កា បុណ្យកឋិន បុណ្យ​ជា​ទម្លាប់​របស់​ខ្មែរ ។ កាល​បុណ្យសព​ញោម​ព្រះ​អាចារ្យ ប៉ែន សុខ ជា​មិត្ត​នោះ ក៏​មាន​លោក​អាចារ្យ ហែម ចៀវ ជា​អ្នក​ជួ​​យ​ដែរ ។

សម័យ​នោះ​គេ​ត្រូវការ​លោក​សម្បើម​ណាស់​។ ឈ្មោះ​លោក​ក៏​កាន់តែ​លេចឮ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស ។ សម័យ​នោះ​គេ​ល្បី​ថា សិស្ស​របស់​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា ជួន ណាត ពូកែ​ទេសន៍ និង​ចេះ​ដឹង​សម្បើម​ណាស់ ។

លុះ​ព្រះ​គ្រូ​សង្ឃ ស​ត្ថា ឡើង​ងារ​ជា​ព្រះ​ពុទ្ធឃោសាចារ្យ ព្រះ​អាចារ្យ ហែម ចៀវ ក៏​បាន​ងារ​ជា​ព្រះ​បាឡាត់​ឃោស​នាគ​របស់​ព្រះ​ពុទ្ធឃោសាចារ្យ​តម​ក ។ កាល​ណោះ​លោក​គង់នៅ​ជាមួយនឹង​ព្រះ​ពុទ្ធឃោសាចារ្យ​កុដិ​ជាមួយ​គ្នា គឺ​កុដិ​មួយ​ស្ថិត​នៅ​ខាងក្រោយ​មហា​កុដិ​សម្តេចព្រះសង្ឃរាជ នា​វត្ត​ឧណ្ណាលោម​សព្វ​ថ្ងៃនេះ ។

ឆ​-​លោកគ្រូ​អាចារ្យ ហែម ចៀវ ជា​អ្នកដឹង​គុណមាតា បិតា​ខ្លាំង​ណាស់ លោក​ឧបត្ថម្ភ​មាតាបិតា​ដោយ​សេចក្តី​គោព

ចំពោះ​ព្រះ​ពុទ្ធឃោសាចារ្យ ជួន ណាត ជា​គ្រូ​នោះ ក៏​លោកគ្រូ​អាចារ្យ​ហែម ចៀវ គោរព​ប្រណិប័តន៍​ណាស់ ។ លោក​បម្រើ​គ្រូ​តាមតែ​គ្រូ​ត្រូវការ ។ ក្នុង​សម័យមួយ​នោះ ឆ្នាំ​១៩៣៩ មាន​លោកគ្រូ​ចៅអធិការ​មួយ​អង្គ​នាម ឱ​ក ឱម ចង់បាន​សៀវភៅ​ធម៌​មួយ​មុខ ក្នុង​ការ​ដែល​លោក​រៀបចំ​ធ្វើបុណ្យ​មួយ លោក​ក៏​បាន​អារាធនា​ព្រះ​ពុទ្ធឃោសាចារ្យ​រៀបរៀង​ធម៌​នោះ​ដើម្បី​លោក​នឹង​យក​ទៅ​បោះពុម្ព​ចែក​ជា​ធម្មទាន​ក្នុង​ពេល​បុណ្យ ។ ដោយ​មានការ​ជា​មមាញឹក​ពេក ក្នុង​ឋានៈ​លោក​ជា​ចាងហ្វាង​រង​សាលា​បាលី​ជាន់ខ្ពស់ ពុំ​មាន​ពេល​នឹង​រៀបរៀង​បាន ព្រះ​ពុទ្ធឃោសាចារ្យ ជួន ណាត ក៏​ប្រគល់​ភារៈ​ឱ្យ​ព្រះ​បាឡាត់​ឃោស​នាគ ហែម ចៀវ រៀបរៀង​ធម៌​នោះ ។ ព្រះ​អាចារ្យ ហែម ចៀវ ក៏​ទទួលភារៈ​ធ្វើ​ដោយ​សេចក្តី​គោរព ។ ពេល​នោះ​លោក​ឆ្លៀត​សម្បើម​ណាស់ ព្រោះ​លោក​ក៏​រវល់​ណាស់​ដែរ ។ អត្ថបទ​ធម៌​ដែល​លោក​រៀបរៀង​នោះ​មាន​ចំណងជើង​ថា «​ទាន​កថា​» ដែល​និយាយ​ដោយ​ពិស្តារ អំពី​រការ​ឱ្យទាន ឈ្មោះ​ទាន របៀប​ឱ្យទាន និង​អានិសង្ស​របស់​ទាន ។ អត្ថបទ​ធម៌​នោះ​ត្រូវ​បាន​ពុទ្ធ​សាសន​បណ្ឌិត្យ​បោះពុម្ពផ្សាយ​តាំងពី​ឆ្នាំ​១៩៣៩ នោះ​ដល់​គ្រានេះ ។

ជ​-​ព្រះ​អាចារ្យ ហែម ចៀវ ចូល​ចិត្ត​ធ្វើ​ទាន 

ព្រះ​អាចារ្យ ហែម ចៀវ ពុំ​មែន​ជា​អ្នក​សន្សំ​មានបាន​អ្វី​ឡើយ ប្រាក់​កាស​ដែល​លោក​បាន​មក​ពី​ទេសនា ឬ​បាន​មក​ពី​គេ​ប្រគេន ផ្សេង​ៗ លោក​រមែង​ចែករំលែក​ឱ្យ​សិស្សគណ និង​អ្នកក្រ​លំបាក​ដែល​លោក​បាន​ប្រទះ ។

ក្នុង​ធម្មទេសនា​របស់​លោក លោក​រមែង​រំលឹក​ដាស់តឿន​ថៅកែ គហបតី អ្នកមាន ឱ្យ​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ការ​ឱ្យទាន ។ ឱ្យ​អ្នកមាន មានចិត្ត​សន្តោស​មេត្តា​ចំពោះ​អ្នកក្រ រួច​លោក​ឆ្លៀត​ពន្យល់​មនុស្ស​ឱ្យ​មាន​សមភាព ភាតរភាព​ឱ្យ​មានការ​រាប់រក​គ្នា​ទៅ​វិញ​ទៅ​មក កុំ​ប្រកាន់​ពូជពង្ស​ខ្ពស់​ទាប មាន​ក្រ លោក​យល់​ថា​មនុស្ស​កើតមក​មាន​វេទនារម្មណ៍ ដូច​ៗ​គ្នា មាន​សម្រេក​គម្លាន​ដូច​គ្នា មាន​ចំណង់​ចង់បាន​សុខ​សប្បាយ​ដូច​គ្នា ដូច្នេះ​ត្រូវ​តែ​មនុស្ស​ផ្តល់​សង្គ្រោះ​ចំពោះ​គ្នា​នឹង​គ្នា​ផង ។

ជា​ការណ៍​ពិត​ដែល​បង្ហាញ​នូវ​គំនិត​របស់​លោក​នេះ នៅ​ក្នុង​សៀវភៅ «​ទាន​កថា​» របស់​លោក​ៗ បាន​សរសេរ​មួយអន្លើ​ថា ពួក​សត្វ​ទាំងអស់​សុទ្ធតែ​មាន​សេចក្តីសុខ ទុក្ខ​ជាប់​ទាក់ទង​ដោយ​រាង​កាយ ឬថា​មាន​រាង​កាយ​ជាទី​អាស្រ័យ​នៅ​នៃ​សេចក្តីសុខ ទុក្ខ​ដូច​គេហដ្ឋាន​ជាទី​អាស្រ័យ​នៃ​មនុស្ស ។

ជីវិត​ដែល​តាំងនៅ​បាន ក៏​ព្រោះ​អាស្រ័យ​រាង​កាយ ការ​គ្រប់គ្រង​ចិញ្ចឹម​រាង​កាយ​ដោយ​អាហារ ផ្សេង​ៗ ក៏​ឈ្មោះ​ថា​គ្រប់គ្រង​ជីវិត​។ ការ​រក្សា​ជីវិត​របស់​មនុស្ស​ទាំងអស់ ជា​ភារៈ​យ៉ាង​ធ្ងន់​បំផុត សាច់ឈាម ស្បែក សរសៃ ពណ៌​សម្បុរ ដែល​ចម្រើន​ស្រស់បស់​ឡើង​បាន ក៏​ព្រោះ​អាស្រ័យ​អាហារ កាលបើ​ប្រាសចាក​អាហារ​ហើយ សន្តតិ​រូប គឺ​រូប​ដែល​ចម្រើន​ជាប់​តទៅ ក៏​ឈប់​ចម្រើន រាង​កាយ​ទាំងមូល​ក៏​ស្វិត​ស្រពោន​ថយ​ចុះ​ទៅ ទាំង​ជីវិត​សោត​ក៏​តាំងនៅ​បាន​ដោយ​ក្រ ។ អាហារ​ជា​របស់​សំខាន់​សម្រាប់​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​សម​ដូច​បាលី​ថា «​ស​ព្វេ សត្តា អាហារ​ដ្ឋិ​តិ​កា​» ពួក​សត្វ​រាល់​រូប​មានជីវិត​តាំងនៅ​បាន​ព្រោះ​អាហារ ។ វត្ថុ​ដទៃ​ក្រៅ​អំពី​អាហារ​នោះ​ទៀត ជនជាតិ​មនុស្ស​ត្រូវ​មាន​លំនៅ​សម្រាប់​ជាទី​ជ្រកកោន សំពត់​សម្រាប់​ស្លៀកដណ្តប់ ថ្នាំ​សម្រាប់​កែរោគ​ក្នុង​គ្រា​ដែល​ត្រូវការ ។ វត្ថុ​អម្បាល​នេះ​សុទ្ធតែ​ជា​របស់​សម្រាប់​ឧបត្ថម្ភ​ទប់ទល់​ជីវិត​ដោយ​ពិត បើ​ប្រាសចាក​របស់​ណាមួយ ជីវិត​រមែង​តាំងនៅ​បាន​ដោយ​លំបាក ។ ជនជាតិ​មនុស្ស​លុះតែ​មានចំណេះ​វិ​ជា្ជ ឬ​កម្លាំងកាយ កម្លាំង​បញ្ញា​បរិបូណ៌ ទើប​អាច​ស្វែងរក​អាហារ​បាន​បរិភោគ រក​ទី​អាស្រ័យ​នៅ​និង​គ្រឿង​ប្រើប្រាស់​សម្រាប់​ជួ​ួ​យ​ជីវិត​បាន​គ្រប់គ្រាន់​ល្អ ។

ចំណែក​មនុស្ស​ដែល​គ្មាន​ចំណេះវិជ្ជា ខ្សោយកម្លាំង ឬ​ ឥត​គុណសម្បត្តិ​ណាមួយ​ក៏​មិន​អាច​រក្សា​ជីវិត​រាង​កាយ​ឱ្យ​រស់នៅ តាម​ទំនើង​ខ្លួនឯង​បាន​ឡើយ មនុស្ស​បែប​នេះ​ត្រូវ​អាស្រ័យ​ពឹងផ្អែក​នឹង​អ្នក​ដទៃ​ឱ្យ​គេ​ជួយ​ចិញ្ចឹមជីវិត​របស់​ខ្លួន​ជា​ដរាប គឺ​ឱ្យ​ជួយ​ប្រាប់​ឧបាយ​ក្នុង​ការ​ចិញ្ចឹមជីវិត ការ​រក្សា​រាង​កាយ និង​ការ​រក្សា​ចិត្ត​ឱ្យ​តាំងនៅ​ដោយ​ល្អ ព្រោះថា​មនុស្ស​ក្នុង​លោក​ទាំងអស់​រមែង​មាន​វាសនា ឬ​គុណសម្បត្តិ និង​កម្លាំង ផ្សេង​ៗ​គ្នា ចំណែក​ខាង​មនុស្ស​ដែល​ខ្សត់ខ្សោយ​វាសនា និង​គុណសម្បត្តិ ឬ​ខ្សោយ​កម្លាំងកាយ នឹង​សម្ងំ​នៅ​តាម​ទំនើង​ខ្លួនឯង​មិន​បាន ត្រូវធ្វើ​សមាគម​គប់​រក​មនុស្ស​ដែល​សម្បូរ​វាសនា និង ​គុណសម្បត្តិ ឬ​ កម្លាំងកាយ​ឱ្យ​ជួយ​ណែនាំ​បង្ហាត់បង្រៀន ជួយ​ជ្រោមជ្រែង​ដោយ​ទ្រព្យ​របស់ ឬ​ភោជនាហារ​សម្រាប់​ចិញ្ចឹមជីវិត ។ មនុស្ស​ដែល​មាន​វាសនា​និង​គុណសម្បត្តិ​ខ្ពង់ខ្ពស់ ក៏​ត្រូវ​តែ​ទទួល​អភិបាល​រក្សា​មនុស្ស​ដែល​នៅ​តូច​ទាន់​ខ្ចី ឬ​ថោកទាប​ជាង​ខ្លួន ដោយ​កិច្ច​ប្រៀនប្រដៅ និង​ទ្រព្យសម្បត្តិ​ជាដើម​ទុន ឬ​អាហារ​សម្រាប់​បរិភោគ​រាល់​ថ្ងៃជា​ដរាប ដូច​មាតាបិតា​ជា​ប្រធាន​នៃ​បុត​ធីតា ។ ការ​ឱ្យ​អាហារ ឬ​គ្រឿង​ប្រើប្រាស់​គ្រប់​យ៉ា​ង​នេះ​ជា​កល្យាណ​ប្បវេណី ជា​ទំនៀម​មួយ​ដ៏​វិសេស​ជាប់​មក​តាំងពី​មុន​ពុទ្ធកាល តាម​បាលី​លោក​ហៅ​ថា «​ទានៈ​» ប្រែ​ថា «​ការ​ឱ្យ​» ។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ជា​អ្នកមាន​ចិត្ត​អាណិត​ទោរទន់​ទៅ​រក​មនុស្ស​សត្វ​ដទៃ ហើយ​បានឱ្យ​គ្រឿង​បរិភោគ ដោយ​សេចក្តី​អាណិត​តែ​ម្យា​៉​ង​មិន​អាស្រ័យ​យក​កម្លាំង​ប្រើប្រាស់ ការ​ឱ្យទាន​ដូច្នេះ​ហៅ​ថា «​ករុណា​ទាន​» ។

បុគ្គល​ខ្លះ​យល់​ច្បាស់​ក្នុង​គុណូបការៈ ឬ​គុណសម្បត្តិ​ណាមួយ​របស់​លោក​អ្នកមាន​គុណមាតា បិតា គ្រូអាចារ្យ ឬ​លោក​អ្នក​ទ្រទ្រង់​នូវ​គុណ​មាន​សីលគុណ​ជាដើម ក៏​ធ្វើ​ទាន​ចំពោះ​លោក​អ្នក​មានគុណ​នោះ ការ​ឱ្យទាន​ដូច្នេះ​ហៅ​ថា «​បូជា​ទាន ឬ​បដិការ​ទាន​»​។

មនុស្ស​ពួក​ខ្លះ​ជា​អ្នកមាន​ចិត្ត​ធូរ​ទូលាយ​ចង់ឱ្យ​ប្រយោជន៍​ឱ្យ​សេចក្តីសុខ សេចក្តីចម្រើន​ដល់​អ្នក​ដទៃ ដែល​ជា​ញាតិសាលោហិត ឬ​មិត្តសម្លាញ់ ឬ​ក៏​ជា​មនុស្ស​រួម​ជាតិ​ជាមួយ​គ្នា ដែល​ល្មម​ទទួល​អំណោយ​ការ​សង្គ្រោះ​បាន ហើយ​ចែកទ្រព្យ​សម្បត្តិ​ជាដើម​ទុន​ក្តី គ្រឿង​បរិភោគ គ្រឿង​ប្រើប្រាស់​ក្តី ដើម្បី​ទំនុកបម្រុង​ជួយ​ជា​កម្លាំង​សង្គ្រោះ​ឱ្យ​កើត​ប្រយោជន៍​ស្មើមុខ​គ្នា​ឡើង ការ​ឱ្យទាន​ដូច្នេះ​ហៅ​ថា «​អនុ​គ្គ​ហ​ទាន ឬ​សង្គហ​ទាន​» ។

នេះ​គ្រាន់តែ​សម្រង់​ខ្លី​មួយ​ដែល​យក​ចេញពី «​ទាន​កថា​» របស់​លោក​អាចារ្យ​ហែម ចៀវ ដែល​ស​ឱ្យ​ឃើញ​ថា​លោក​ជា​អ្នក​ឱ្យទាន និង​ជា​អ្នក​ចូល​ចិត្ត​សង្គ្រោះ​ចំពោះ​គ្នា​នឹង​គ្នា ជា​ពិសេស​ចំពោះ​ជនរួមជាតិ​ខ្មែរ​នេះឯង​តែ​ម្តង ។ នេះ​ក៏​គឺជា​តម្លៃ​នៃ​គុណធម៌​របស់​លោក​មួយ​ផ្នែក​យ៉ាង​សំខាន់ ។

ព្រះ​អាចារ្យ​ហែម ចៀវ និង​ ការ​បដិវត្ត

ក្នុង​ពេល​នោះ​ដែល​ប្រទេស​យើង​នៅ​ក្រោម​អំណាច​បារាំង មាន​អ្នក​ស្នេហា​ជាតិ​មួយ​ចំនួន មានចិត្ត​មោះមុត ឥត​ខ្លាច​គុក​ច្រវាក់ ឥត​ខ្លាច​ស្លាប់ ឥត​ខ្លាច​ចោលស្រុក បាន​លបលាក់​បបួល​គ្នា ធ្វើការ​តស៊ូ​ប្រឆាំង​នឹង​បារាំង ។ ក្នុង​បណ្តា​វីរជន​ទាំងនោះ មាន​លោក​សឹង ង៉ុ​កថា​ញ់ ជា​មេដឹកនាំ បាន​នាំ​គ្នា​ធ្វើ​បដិវត្តន៍​ឡើង ៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិរបស់ស្ថាបនិក PEPSI Cola លោក Caleb Bradham

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិសង្ខេបរបស់លោក Ma Huateng ដែលជាមហាសេដ្ឋីលំដាប់ពិភពលោក

ប្រវត្តិបុគ្គលល្បីៗ

ពីអ្នកដែលចូលចិត្តហ្គែមក្លាយខ្លួនជាម្ចាស់ក្រុមហ៊ុន Tao Kae Noi

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិអាតីត CEO និង ការដឹកនាំក្រុមហ៊ុនកាហ្វេ Starbuck