
បើនិយាយទស្សនៈវិជ្ជាគេតែងតែគិតទៅលើប្រទេសក្រិចដែលជាទូទៅដែលគេបានចាត់ទុកថាជាម្ដាយនៃទស្សនៈវិជ្ជា។ ទស្សនៈវិទូដែលបានបើកទំព័រទស្សនៈវិជ្ជានោះគឺ សូក្រាតគឺជាទស្សនៈវិទូដ៏ល្បីល្បាញ ជាជនជាតិក្រិច ដែលបានកើតនៅទីក្រុងអាថែន ក្នុងឆ្នាំ៤៧០ មុនគ្រឹះសករាជ។ ដោយឪពុករបស់គាត់ជាជាងចម្លាក់ ហើយម្ដាយរបស់គាត់ឈ្មោះហ្វេណារ៉ែត ជាឆ្មប។
ចំពោះយុវភាព និង យុវភាពរបស់សូក្រាតវិញ គេពុំបានដឹងអ្វីជាច្បាស់លាស់ទេ ពីព្រោះគេពុំមានឯកសារដែលរៀបរាប់ពីផ្នែកនេះឡើយ។ ប៉ុន្តែបើតាមការស្រាវជ្រាវ និង តាមសេចក្ដីសន្និដ្ឋានរបស់ទស្សនៈវិទូធំៗខ្លះសូក្រាតប្រហែលជាប្រកបមុខរបរជាជាងចម្លាក់ដូចឪពុករបស់គាត់ដែរ។ ពីព្រោះតាមធម្មតាក្នុងសម័យដើម ឪពុកម្ដាយតែងតែបង្ហាត់បង្រៀនបន្តមុខវិជ្ជាអាជីវកម្មរៀងៗខ្លួនដល់កូនជានិច្ច។
ម្យ៉ាងវិញទៀត ក្នុងផ្នែកទស្សនៈវិជ្ជាវិញ សូក្រាតជាបុគ្គលម្នាក់ដែលមានរូបរាងកាយអាក្រក់អាក្រីមិនគួរមើលសោះឡើយ។ មុខមាត់គាត់គ្មានកន្លែងណាដែលគួរអោយចូលចិត្តស្និទ្ធស្នាលសោះឡើយ។ គាត់មានមាឌធំ មុខអាក្រក់ ច្រមុះធំសំប៉ែត បបូរមាត់ក្រាស់ឃ្មឹក ភ្នែកធំៗស្ទើរលៀនចេញមកក្រៅ។ បើសិនជាប្រដូចទៅនឹងពួក សូហ្វីស្ដ (Sophiste) វិញ ឃើញថាមានសភាពខុសគ្នាស្រឡះឆ្ងាយណាស់ ពីព្រោះពួកនេះស្លៀកពាក់ខោអាវដ៏មានតម្លៃឥតឧបមា។ ចំណែកសូក្រាតវិញ គាត់ស្លៀកពាក់ខោអាវរខេករខាករយីករយាកដើរជើងទទេរនៅតាមទីក្រុង។ គាត់មិនព្រមទទួលទានស្រាដែលគេជូនគាត់ឡើយ ទោះបីស្រានោះមានរស់ជាតិឈ្ងុយឆ្ងាញ់យ៉ាងណាក៏ដោយ។
ប្រសិនបើគេធ្វើការប្រៀបធៀប សូក្រាតទៅនិងពូកទស្សនៈវិទូជំនាន់មុន គេក៏ឃើញមានសភាពខុសគ្នាប្លែកពីគ្នាដែរ ពីព្រោះទស្សនៈវិទូទាំងនោះត្រូវគេចាត់ទុកជាជនដ៏សំខាន់ ឬ ជាជនអ្នកមុខអ្នកការក្នុងស្រុក។ គឺព្រោះតែហេតុនេះហើយទើបគេហៅគាត់ថា “សូក្រាតជាបុរស់នៃទីក្រុងអាថែនដែលមានរូបអាក្រក់ហើយក៏ជាមនុស្សដែលល្អជាងគេបំផុត”។
យើងសូមបញ្ជាក់ដែរថា ទោះបីជានៅក្នុងរដូវក្ដៅ ឬ ត្រជាក់យ៉ាងណាក៏សូក្រាតនៅតែប្រើខោអាវរយីករយាកដែរ ហើយឥតពាក់ស្បែកជើងដដែល។ ទិដ្ឋភាពនេះមិនមែនមានសេចក្ដីថា សូក្រាតចង់អោយគេកោតសរសើរ ឬ ស្ងប់ស្ងែងគាត់នោះឡើយ។ ផ្ទុយទៅវិញនេះគ្រាន់តែជាភាពធម្មតាដែលសូក្រាតតែងតែប្រព្រឹត្តជាអចិន្ត្រៃ។ ទាំងនេះគ្រាន់តែជាទម្លាប់របស់សូក្រាត ដើម្បីអប់រំពត់ចិត្តគំនិត និង រាងកាយរបស់គាត់តែប៉ុណ្ណោះ។
សូក្រាតជាមនុស្សថ្មីមួយចម្លែក ដែលបានក្លាយទៅជាទស្សនៈវិទូគំរូមួយរូបសម្រាប់ជំនាន់ក្រោយ។ គាត់មិនមែនជាអ្នកនយោបាយទេ តែជាពលរដ្ឋដ៏ល្អប្រពៃម្នាក់ដែលចេះ គោរពច្បាប់រដ្ឋដោយឥតមានវៀចវេរ ឥតមានប្រឆាំងឡើយ។ ទោះបីជាគេបញ្ជូនគាត់ទៅច្បាំងក៏គាត់ព្រមដែរ ដោយគាត់ធ្វើអ្វីៗទៅតាមច្បាប់ទាំងអស់ ដូចជាគាត់បានប្រឆាំងទៅនឹងជនសាហាវម្នាក់នៅចំពោះមុខតុលាការជាដើម។ គាត់គោរពច្បាប់មែនទែនទៅ រហូតដល់ទៅមិនព្រមលួចរត់ចេញពីគុកដែលបានធ្វើការឃុំឃាំងគាត់។
មួយផ្នែកទៀតតាមធម្មតា សូក្រាតមិនសូវនៅផ្ទះឡើយ។ បើគេចង់រកគាត់ គេគ្រាន់តែសំដៅទៅរកត្រង់ម្ដុំណាដែលមានមនុស្សជួបជុំគ្នាអ៊ូអរ ក៏គេអាចជួបសូក្រាតដែរ។ សូក្រាតចូលចិត្តដើរអង្គុយនៅតាមកន្លែងសាធារណៈ នៅតាមសួនច្បារ នៅតាមច្រកចូលតូចៗ មុខផ្ទះលក់ទំនិញ ឬ តាមកន្លែងប្រារព្ធពិធីបុណ្យ ដើម្បីស្វែងរកគ្នាជជែកគ្នា ពិភាក្សាគ្នា។ ពេលដែលគាត់និយាយពិភាក្សា គេតែងតែងសង្កេតឃើញមានមនុស្សម្នាជាច្រើនមកស្ដាប់គាត់យ៉ាងច្រើន។ គាត់តែងតែចាត់ទុកគូរសន្ទនារបស់គាត់ទាំងប៉ុន្មានជាមិត្ត។ គេពុំដែលឬសូរសូក្រាតនិយាយអំពីនយោបាយ ឬ បញ្ចេញទ្រឹស្ដី ឬ មួយក៏បញ្ចេញច្បាប់អ្វីបន្តិចសោះ ដោយគាត់តែងតែប្រាប់មនុស្សគ្រប់គ្នាថា គាត់ឥតចេះអ្វីទាំងអស់។ សូក្រាតគ្មានគំនិតអ្វីអោយគេវិនិច្ឆ័យឡើយ តែគាត់មានចិត្តចង់អោយមនុស្សម្នាក់ៗក្លាយទៅជាចៅក្រមនៃខ្លួន ដោយផ្ទាល់ខ្លួនឯងតែម្ដង។ បើពោលអោយចំទៅ នៅពេលជជែកពិភាក្សាគ្នានេះ គឺគាត់បានបង្រៀនគូរសន្ទនាគាត់តែម្ដង។ ម្យ៉ាងទៀតគាត់ពុំដែលនិយាយអោយគេស្គាល់ ដើម្បីនិងយកកម្រៃឡើយ គឺគាត់បង្ហាត់បង្រៀនគេដោយឥតគិតថ្លៃ។
តែបើតាមសដីរបស់ប៉ាតុង សូក្រាតជាមនុស្សដើររំខានគេ ជាមនុស្សមិនចេះយល់ស្របតាមនរណាម្នាក់សោះឡើយ។
តែដោយសារតែចូលចិត្តជជែកសន្ទនាជាហូរហែរ ទៅតាមផ្លូវនិងកន្លែងសាធារណៈនេះហើយ ទើបបានជាសូក្រាតត្រូវអ្នកកាន់អំណាចនៅទីក្រុងអាថែនចោទប្រកាន់ថា ក្បត់សាសនាដោយនាំបញ្ចូននូវសាសនាបរទេស និង ជាអ្នកដឹកនាំបំពុលយុវជនអោយពុករលួយ។
ដូច្នេះហើយបានជានៅខែគុម្ភះ ឆ្នាំ ៣៩៩ សូក្រាតត្រូវបានគេកាត់ទោសប្រហារជីវិតក្នុងជន្មាយុ៧១ឆ្នាំ។ តាមធម្មតាអ្នកទោសប្រហារជីវិតត្រូវតែសម្លាប់ចោលភ្លាមនៅរយះពេល២៤ម៉ោងក្រោយពេលជំនុំជំរះ។ តែសូក្រាតផ្ទុយទៅវិញត្រូវបានបន្តរស់នៅ៣០ថ្ងៃទៀត។ ឯបុព្វហេតុនៃការពន្យាពេលសម្លាប់នេះគឺមកពីមាននាវាមួយឈ្មោះ ឌេឡូស បានចេញពីកំពងផែ។ តាមទំនៀបទំលាប់ជនជាតិក្រិចមិនអនុញ្ញាតិឲ្យមានការសម្លាប់អ្នកទោស មុនការវិត្រលប់របស់នាវានេះឡើយ។ អាស្រ័យហេតុនេះសេចក្ដីសម្រេចរបស់តុលាការក្រុងអាថែន ត្រូវបន្តទៅរយះពេល៣០ថ្ងៃក្រោយទៀតរហូតដល់នាវា ឌេឡូស វិលត្រលប់មកវិញ។
ក្នុងចន្លោះ៣០ថ្ងៃនេះ សូក្រាតគ្មានការធុញថប ឬ ពិបាកចិត្តអ្វីឡើយ។ ក្នុងកំឡុងមុនពេលស្លាប់នេះ ការរស់នៅរបស់សូក្រាត បានប្រព្រឹត្តទៅជាធម្មតា ដូចសព្វមួយដង ទោះបីជាគាត់មិនបានដើរជជែកលេងកំសាន្ត តាមកន្លែងសាធារណៈផ្សេងៗក៏ដោយ។
ម្យ៉ាងវិញទៀត ទោះបីជាមានការអង្វករពីញាតិមិត្តដូចម្ដេចក៏ដោយ ក៏សូក្រាតនៅតែមិនព្រមរត់ចោលកន្លែងឃុំឃាំងដែរ។ សូក្រាតសុខចិត្តដេកត្រាំត្រែងក្នុងគុក រង់ចាំថ្ងៃប្រហារជីវិតដដែល។
ដល់ថ្ងៃប្រហាជីវិត គេបានតម្រូវអោយសូក្រាតជ្រើសរើសនូវសេចក្ដីស្លាប់ ឲ្យគេសម្លាប់ ឬ មួយក៏សុខចិត្តលេបថ្នាំសម្លាប់ខ្លួនដោយខ្លួនឯង។ សូក្រាតមិនព្រមអោយគេសម្លាប់គាត់ទេ គឺគាត់ជ្រើសរើសដោយការផឹកថ្នាំពុល សីហ្គុយ សម្លាប់ខ្លួន ដោយខ្លួនឯង។