អាជីវកម្ម

៦ ចំណុច ដែលអាចធ្វើឲ្យអ្នកសម្ភាសន៍ការងារជាប់

ពេលដែលឈានជើងដើរចូលដល់បន្ទប់សម្ភាសន៍ការងារ អាចជាពេលវេលាមួយដែលសំខាន់សម្រាប់អ្នក ជាពេលវេលាដែលកំណត់នូវអនាគតរបស់អ្នក ហើយក៏ជាពេលវេលាដែលអ្នកអាចនឹងមានអារម្មណ៏ថាភ័យញ័រផងដែរ។ មុនពេលដែលអ្នកចូលសម្ភាសន៍ អ្នកប្រាកដជាបានចំណាយពេលសម្រាប់ខ្លួនឯងក្នុងការត្រៀម និងរៀបចំខ្លួនសម្រាប់ពេលវេលានោះ ដើម្បីធ្វើឱ្យបានល្អ និងទទួលបានជោគជ័យ។

ប៉ុន្តែ ជាមួយនឹងការត្រៀមខ្លួនរាប់ថ្ងៃ រាប់ខែដើម្បីការសម្ភាសន៍នោះ តើអ្នកដឹងទេថាអ្នកសម្ភាសន៍នោះកំពុងចង់បានអ្វីខ្លះពីអ្នក។ ជាទូទៅ អ្នកសម្ភាសន៍នឹងសួរអ្នកអំពីបទពិសោធន៍ ជំនាញ និងគុណសម្បត្តិផ្សេងៗសម្រាប់មុខតំណែង ឬ ក្រុមហ៊ុនរបស់គេ ប៉ុន្តែក្រៅពីចំណុចទាំងនេះ តើមានចំណុចសំខាន់អ្វីទៀតដែលអ្នកសម្ភាសន៍ចង់ដឹងអំពីអ្នក?

១. តើអ្នកឆ្លើយចំសំនួរឬទេ?

 ប្រាកដណាស់ពេលដែលនៅក្នុងបន្ទប់សម្ភាសន៍ មានប្រភេទសំនួរមួយចំនួនដែលគេអាចប៉ាន់ស្មានមុន ថានឹងត្រូវបានគេសួរ ដូចនេះបេក្ខជនជាច្រើនត្រៀមនូវចម្លើយមុនរួចជាស្រេច។ ប៉ុន្តែជាក់ស្តែង អ្វីដែលអ្នកសម្ភាសន៍សួរគឺនឹងមិនដូចទៅនឹងអ្វីដែលបេក្ខជនត្រៀមមួយរយភាគរយនោះទេ ដូចនេះ ជាជាងត្រៀមនូវចម្លើយ រួចឆ្លើយដូចទៅនឹងអ្វីដែលគិតទុកមុន ដែលអាចប្រែទៅជាមានលក្ខណៈរដាក់រដុប បេក្ខជនគួរព្យាយាមត្រងត្រាប់នូវសំនួរ ហើយឆ្លើយចេញពីចិត្តដោយត្រង់ដើម្បីឱ្យចំទៅនឹងអ្វីដែលគេចង់ដឹងពីយើង។ ធ្វើដូចនេះ អ្នកសម្ភាសន៍អាចមើលដឹងពីរបៀបដែលអ្នកបង្ហាញនូវភាពស្មោះត្រង់ភ្លាមៗផងដែរ។

២. តើអ្នកមានក្តីរំពឹងសមហេតុសមផលពីក្រុមហ៊ុនឬទេ?

គ្រប់អ្នកគ្រប់គ្រងទាំងអស់ ធ្វើការជ្រើសរើសបុគ្គលិកចង់បានអ្នកដែលអាចបំពេញការងារជាមួយគ្នាក្នុងនាមជាក្រុម ដោយលទ្ធផលវិជ្ជមាន ហេតុដូចនេះហើយទើបអ្នកសម្ភាសន៍តែងតែធ្វើការអង្កេតទៅលើបេក្ខជនថាតើគេដឹងពីមុខតំណែងនោះប៉ុណ្ណា ហើយអ្វីដែលបេក្ខជនមានការរំពឹងចំពោះមុខតំណែងរបស់គេ សមស្របទៅនឹងអ្វីដែលជាកត្តាជាក់ស្តែងឬទេ។ ដូចនេះ មុនពេលដែលអ្នកចូលទៅក្នុងបន្ទប់សម្ភាសន៍ គួរពិនិត្យមើលទៅលើទំហំ និង ពិពណ៌នារបស់ការងារនោះផង ដើម្បីកុំឱ្យមានការរំពឺង និង ទំហំ លទ្ធភាពការងារជាក់ស្តែងខុសគ្នា។

៣. តើអ្នកជាប្រភេទបុគ្គលដែលដោះស្រាយបញ្ហាបានឬទេ?

នេះអាចជាអ្វីដែលគេនឹងសួរ ឱ្យដឹងពីសមត្ថភាព គុណវឌ្ឍិរបស់បេក្ខជន។ គេអាចនឹងសួរអ្នកអំពីឧទាហរណ៍ ឬ បទពិសោធន៍មួយចំនួននៃរបៀបដោះស្រាយបញ្ហាពីមុនដែលអ្នកធ្លាប់មាន។ បេក្ខជនជាច្រើន នៅពេលដែលគេសួរសំនួររបៀបនេះ អាចនឹងឆ្លើយដោយការពន្លើស ឬថែមថយឱ្យបទពិសោធន៏របស់គេស្តាប់ទៅហាក់ដូចជាល្អឥតខ្ចោះ មិនមានកំហុសណាមួយសោះឡើយ។ ប៉ុន្តែសម្រាប់អ្នកសម្ភាសន៍វិញ វិធីសាស្រ្តបែបនេះគឺគេជួបប្រទះសឹងតែគ្រប់គ្នាទៅហើយ ដូចនេះបេក្ខជនគួរតែព្យាយាមនិយាយនូវអ្វីដែលជាការពិត និយាយទាំងវិធីសាស្រ្តល្អ ក៏ដូចជាបញ្ហាផ្សេងៗដែលអ្នកជួបប្រទះ ទាំងដោះស្រាយបាន និងមិនបានផងដែរ។

៤. តើអ្នកជាមនុស្សដែលពូកែពេកឬទេ?

ពេលខ្លះ នៅពេលដែលបេក្ខជនបង្ហាញពីភាពសកម្មខ្លាំងក្នុងការឆ្លើយសំនួរ ផ្តល់ជាគំនិតប្លែកៗច្រើន គេអាចសម្គាល់ថាបេក្ខជននោះជាមនុស្សដែលមានសមត្ថភាព និង អាចមានគំនិតផ្តួចផ្តើមសម្រាប់ជោគជ័យទៅថ្ងៃអនាគតរបស់ក្រុមហ៊ុនបាន។ ប៉ុន្តែផ្ទុយទៅវិញ មិនមែនសុទ្ធតែគ្រប់អ្នកសម្ភាសន៍គិតពីសមត្ថភាពទាំងនេះក្នុងន័យវិជ្ជមានដូចគ្នានោះទេ។ សម្រាប់អ្នកខ្លះ គេអាចគិតថាបុគ្គលិកថ្មីដែលមានសមត្ថភាពហួសពីអ្វីដែលគេអាចនឹងគ្រប់គ្រងបាន ឬ ធ្វើការជាមួយគ្នាបាននោះ អាចនឹងជាបញ្ហាដល់ការងារជាក្រុមទាំងមូលទៅវិញ។ 

៥. តើខ្ញុំអាចនឹងពេញចិត្តអង្គុយធ្វើការជាមួយអ្នករាល់ថ្ងៃឬទេ?

ពិតណាស់ មនុស្សមានទំនាក់ទំនងជាមួយគ្នាដោយពឹងផ្អែកទៅលើអារម្មណ៍ និងមនោសញ្ចេតនា បើទោះជាពួកគេជាអ្នកធ្វើការជាមួយគ្នា ដោយពឹងផ្អែកទៅលើជំនាញបច្ចេកទេសរៀងខ្លួនក៏ដោយ។ ដូចនេះ អ្វីដែលអ្នកសម្ភាសន៍តែងតែសម្លឹងមើលរៀងរាល់ពេលសម្ភាសន៍នោះ គឺលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់ៗ ថាតើគេជាមនុស្សដែលមានភាពម៉ត់ចត់ អាចជឿទុកចិត្ត មានគុណធម៌ការងារ មានទឹកមុខស្រស់ស្រាយ ឬ ជាមនុស្សដែលអាចផ្តល់នូវអារម្មណ៍សប្បាយ ស្រួលចិត្តដល់ពួកគេឬទេ។

៦. តើអ្នកបង្ហាញពីខ្លួនឯងប៉ុណ្ណា?

តើអ្នកកំពុងឆ្លើយនូវការពិត ឬ កំពុងតែឆ្លើយនូវចម្លើយដែលខ្ញុំចង់លឺ តែមិនពិត? នេះជាអ្វីដែលអ្នកសម្ភាសន៍តែងតែគិតក្នុងចិត្តនៅរៀងរាល់ការសម្ភាសន៍។ បេក្ខជននីមួយៗ ត្រូវចាំថាចម្លើយដែលគេចង់លឺនោះ គឺជាចម្លើយមួយដែលគ្រប់បេក្ខជនទាំងអស់សុទ្ធតែព្យាយាមឆ្លើយ ហើយអ្នកសម្ភាសន៍ក៏បានលឺច្រើនលើក ច្រើនសារពេកទៅហើយ។ ដូចនេះ បេក្ខជនគួរព្យាយាមយ៉ាងណាឆ្លើយការពិតពីខ្លួនឯង កុំសម្តែង ហើយធ្វើអារម្មណ៍ឱ្យស្រស់ថ្លា ហើយឆ្លើយទៅតាមអ្វីដែលខ្លួនដឹង ខ្លួនមាន ធ្វើឱ្យខ្លួនឯងលេចធ្លោជាងបេក្ខជនដទៃអំពីបទពិសោធន៍ និងគុណភាព គុណវុឌ្ឍិដែលខ្លួនមានវិញ ដែលវាអាចជាការឆ្លុះបញ្ចាំងអំពីខ្លួនអ្នកក្នុងន័យវិជ្ជមានចំពោះអ្នកសម្ភាសន៍។ ត្រូវចងចាំថា ការសន្ទនាគ្នាដោយរលូន មានសារៈសំខាន់ណាស់ ដោយវាអាចជាកត្តាបង្ហាញនូវភាពជឿទុកចិត្ត និងបទពិសោធន៍ និងជំនាញដែលបេក្ខជនមានចំពោះការងារ៕

Related posts
អាជីវកម្ម

វិធីរក្សាកម្លាំងចិត្តនៅកន្លែងធ្វើការខណៈពេលធ្វើការពីផ្ទះ

អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យរាប់ពាន់លានដុល្លារ

អាជីវកម្ម

តើសេដ្ឋីភាគច្រើនគិតយ៉ាងណានៅក្នុងជីវិត និង ការងារ?

អាជីវកម្ម

ហេតុផល៥យ៉ាងដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលភាពជោគជ័យក្នុងអាជីព