
មានមនុស្សជាច្រើនបានភ័យខ្លាច និងមិនចង់ឮពាក្យថា «សង្គ្រាម» នោះឡើយ អាចមកពីពួកគេធ្លាប់ជួប ឬមានមនុស្សដំណាលប្រាប់អំពីប្រវត្តិសាស្ត្រ និងរឿងរ៉ាវផ្សេងៗ ជាដើម។ ក៏ប៉ុន្តែ ប្រសិនបើយើងមិនព្រមសិក្សារៀនសូត្រអំពីវា (សង្គ្រាម) និងមិនស្រាវជ្រាវប្រវត្តិសាស្ត្រទេ គឺវានឹងអាចកើតឡើងវិញម្តងទៀតបាននៅពេលណាមួយ ដែលយើងភ្លេចខ្លួន។ ថ្ងៃនេះគេហទំព័រ ចំណេះដឹងគ្រប់ទីន្លែង នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអានមកសិក្សាស្រាវជ្រាវ ក៏ដូចជាមកស្គាល់អំពីប្រវត្តិសាស្ត្រពិភពលោកបន្ថែមទៀត។

សង្គ្រាមលោកលើកទី១ (World War I ឬ First World War) គឺជាសង្គ្រាមសកលមួយ ដែលមានប្រភពចេញពី ទ្វីបអឺរ៉ុប ពីឆ្នាំ (១៩១៤ ដល់ ១៩១៨ នៃគ្រឹស្តករាជ)។ ជាលទ្ធផល មានមនុស្សជាង ៤០ លាននាក់ បានស្លាប់ និងរបួស ដែលក្នុងនោះមានទាហាន និងជនស៊ីវិលប្រមាណ ២០ លាននាក់បានបាត់បង់ជីវិត។ នៅអឺរ៉ុបទាហានជាង ៦០ លាននាក់ត្រូវបានកេណ្ឌចាប់ពីឆ្នាំ ១៩១៤ ដល់ ១៩១៨។
សង្គ្រាមនេះ គឺជាការប្រយុទ្ធគ្នារវាងប្លុកធំៗពីរ។ ប្លុកមហាអំណាចសម្ព័ន្ធមិត្ត (Entente Powers) ដែល មានបារាំង អង់គ្លេស និង រុស្ស៊ី ព្រមទាំងបណ្ដាអាណានិគម និងស្រុកចំណុះរបស់ពួកគេ។ ក្រោយមក ប្រទេសមហាអំណាចសំខាន់ៗ ដូចជា៖ អ៊ីតាលី បានចូលរួមដែល នៅខែមេសា ឆ្នាំ១៩១៥ និង សហរដ្ឋអាមេរិក ចូលរួមនៅ ខែមេសា ឆ្នាំ១៩១៧។ ប្លុកមហាអំណាចកណ្ដាល (Central Powers) មាន ចក្រភពអាល្លម៉ និង អូទ្រីស-ហុងគ្រី ព្រមទាំងអាណាខេត្តនៃចក្រភពរបស់ខ្លួន។ ក្រោយមក ចក្រភពអូតូម៉ង់ បានចូលរួម នៅខែតុលា ឆ្នាំ១៩១៤ និងមួយឆ្នាំក្រោយចូលរួមដោយប្រទេសប៊ុលហ្ការី។ ជាទីបំផុតទៅ មានតែប្រទេស។ ហុឡង់ដ៍ ស្វីសអេស្ប៉ាញ និងប្រជាជាតិ ស្កង់ឌីណាវ នៅតែរក្សាអព្យាក្រឹតភាពដដែលក្នុងបណ្ដាប្រទេសអឺរ៉ុប។ បើទោះជាប្រទេសមួយចំនួនបានផ្គត់ផ្គង់ប្រាក់ និងសម្ភារៈដល់ភាគីជម្លោះណាមួយ ឬប្រទេសដទៃទៀតក៏ដោយ។
បុព្វហេតុនៃសង្គ្រាមលោកលើកទី១
ព្រឹត្តិការណ៍ ដែលគេអាចសន្មតថាជាបុព្វហេតុនាំឲ្យផ្ទុះសង្គ្រាមលោកលើកទី១ គឺការធ្វើឃាតលើព្រះអង្គម្ចាស់ហ្វ្រង់ ហ្វែរឌីណង់ រាជ្យទាយាទ នៃចក្រភពអូទ្រីស-ហុងគ្រី ដោយនិស្សិតស៊ែប៊ីបូស្នី ហ្កាវរីឡូ ព្រីនស៊ីប (Gavrilo Princip) មកពីក្រុម Young Bosnia កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ នៅតាមដងវិថីមួយនៃទីក្រុងសារាយេវ៉ូ។ ជាប្រតិកម្មតបនឹងព្រឹត្តិការណ៍នេះ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ១៩១៤ ប្រទេសអូទ្រីសហុងគ្រីបានដាក់ឱសានវាទ បង្ខំឲ្យរាជាណាចក្រស៊ែប៊ី ចាប់ឃាតករឲ្យបាន ប្រសិនបើមិនដូច្នេះទេ សង្គ្រាមនឹងផ្ទុំឡើង។
នៅទីបំផុតទៅ ប្រទេសអូទ្រីស-ហុងគ្រី បានប្រកាសសង្គ្រាមជាមួយ ស៊ែបី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។ចក្រភពរុស្ស៊ី បានប្រកាសការពារស៊ែប៊ីទល់នឹង អូទ្រីស-ហុងគ្រី។ ជាការឆ្លើយតបវិញ ចក្រភពអាល្លឺម៉ង់ បានប្រកាសសង្គ្រាមជាមួយ រុស្ស៊ី នៅថ្ងៃទី០១ ខែសីហា ឆ្នាំ១៩១៤ និង ថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩១៤ ជាមួយបារាំង ហើយកងទ័ពអាល្លឺម៉ង់បានចាប់ផ្ដើមវាយលុកចូលប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសអព្យាក្រឹតបែលហ្សិក។ ចក្រភពអង់គ្លេស បានទាមទារឲ្យអាល្លឺម៉ង់គោរពអព្យាក្រឹតភាពបែលហ្សិក តែមិនបានទទួលចម្លើយ ចក្រភពអង់គ្លេសក៏ប្រកាសសង្គ្រាមជាមួយ អាល្លឺម៉ង់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩១៤។
.jpg)
ដំបូងឡើយ សង្គ្រាមនេះមានលក្ខណៈជាសង្គ្រាមនៅទ្វីបអឺរ៉ុបប៉ុណ្ណោះ តែក្រោយមកមានប្រទេសជាច្រើនទៀតបានចូលរួមក្នុងសង្គ្រាមជាបន្តបន្ទាប់ ហេតុនេះហើយសង្គ្រាមនេះបានរាលដាលពីសង្គ្រាម ទ្វីបអឺរ៉ុប ទៅជាសង្គ្រាមលោកតែម្ដង។
គោលបំណងនៃការចូលរួមសង្គ្រាមលោកលើកទី១ របស់ប្រទេសផ្សេងៗ
ចក្រភពអាល្លឺម៉ង់ ប៉ុនប៉ងបញ្ចប់ការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស លើផ្ទៃមហាសមុទ្រ និងធ្វើយ៉ាងណាដើម្បីធ្វើឲ្យអង់គ្លេសចុះខ្សោយនៅក្នុងការប្រកួតប្រជែង នៅលើទីផ្សារអន្តរជាតិ និងដើម្បីធ្វើការបែងចែកពិភពលោកសាជាថ្មី។ ជាពិសេស អាល្លឺម៉ង់ ចង់ដណ្ដើមយកតំបន់ឧស្សាហកម្ម នៅប៉ែកឦសានប្រទេសបារាំង កាត់ផ្ដាច់ប្រទេសតំបន់បាលទិកពី ចក្រភពរុស្ស៊ី កាន់កាប់តំបន់ដុនបាស គ្រីម តំបន់អាសូវ និងកាវកាស។
ចក្រភពអូទ្រីស-ហុងគ្រី មានទិសដៅឈ្លានពានស៊ែប៊ី ដើម្បីបង្កើតអំណាចរបស់ខ្លួននៅតំបន់បាល់កង់ និងដណ្ដើមទឹកដី ប៉ូឡូញ មួយផ្នែក ប៉ូដុល និង វ៉ូលិញ ពី ចក្រភពរុស្ស៊ី។

ចក្រភពអូតូម៉ង់ (ចក្រភពទួរគី) បានចូលរួមក្នុងសង្គ្រាមភាគីខាងអាល្លឺម៉ង់ នៅរដូវស្លឹកឈើជ្រុះ ឆ្នាំ១៩១៤ មានទិសដៅឈ្លានពានតំបន់ភ្នំកាវកាសរបស់ចក្រភពរុស្ស៊ី និងបង្កើតការគ្រប់គ្រងរបស់ខ្លួននៅលើតំបន់បាល់កង់។
ចក្រភពអង់គ្លេស មានទិសដៅចង់ថែរក្សានូវអាណានិគមរបស់ខ្លួន និងអំណាចគ្រប់គ្រងរបស់ខ្លួនលើដែនសមុទ្រ។ លើសពីនេះ អង់គ្លេសក៏មានបំណងដណ្ដើមកាន់កាប់តំបន់សម្បូរប្រេងកាតមេសូប៉ូតាមី និងផ្នែកមួយនៃឧបទ្វីបអារ៉ាប់ពីចក្រភពអូតូម៉ង់។
បារាំង មានទិសដៅទាមទារតំបន់អាលសាស និងឡូរ៉ែនពីចក្រភពអាល្លឺម៉ង់មកវិញ ដែលខ្លួនបានបាត់បង់ទៅឲ្យ អាល្លឺម៉ង់ កាលពីបរាជ័យរបស់ណាប៉ូលេអុងទី៣ ក្នុងសង្គ្រាមបារាំង-ព្រុស ឆ្នាំ១៨៧០ និងដណ្ដើមយកតំបន់សម្បូរធ្យូងថ្មសាអារ ព្រមទាំងភ្ជាប់តំបន់ខាងឆ្វេងទន្លេរ៉ែនមកប្រទេសបារាំង។
ចក្រភពរុស្ស៊ី មានទិសដៅចង់ថែរក្សាឥទ្ធិពលរបស់ខ្លួននៅតំបន់បាល់កង់ គ្រប់គ្រងតំបន់ហ្កាលីស៊ី តំបន់ណរម៉ាន់ភាគខាងក្រោម គ្រប់គ្រងច្រកចេញពីសមុទ្រខ្មៅ បូស្ទ័រ និងដាដាណេស។
ជប៉ុន បានប្រកាសសង្គ្រាមជាមួយអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩១៤ មានទិសដៅចូលឈ្លានពានតំបន់ទឹកដីដែលចិនបានជួលឲ្យអាល្លឺម៉ង់ និងតំបន់កោះមហាសមុទ្រប៉ាស៊ីហ្វិក។
សរុបទៅ សង្គ្រាមមួយនេះ គឺជាសង្គ្រាមចក្រពត្តិ ប្រកបដោយភាពអយុត្តិធម៌ទាំងសងខាង។ មានតែ ប្រទេសស៊ែប៊ី និង បែលហ្សិក ប៉ុណ្ណោះ ដែលប្រយុទ្ធតស៊ូ ដើម្បីការពារជាតិ។ អ្នកទទួលខុសត្រូវនៅក្នុងសង្គ្រាមនេះគឺភាគីទាំងសងខាង តែមេភ្លើងគឺចេញពីចក្រភពអាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី។
ដូចដែលប្រិយមិត្តបានដឹងថា សង្គ្រាមលោកលើកទី១ គ្រាន់តែជាសង្គ្រាមធំមួយក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះ តែសង្គ្រាមក៏មិនត្រូវបានបញ្ចប់ត្រឹមតែការរលត់នៃភ្លើងសង្គ្រាមមួយនេះឡើយ។ មានន័យថា ក្រោយពីការរលត់ភ្លើងសង្គ្រាមនេះហើយ ក៏កើតមានសង្គ្រាមជាបន្តបន្ទាប់ទៀតមិនរីងស្ងួន រហូតឆេះឆាបសង្គ្រាមលោកលើកទី២ ដែលកើតឡើ ងពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥៕
