ប្រវត្តិសាស្រ្តខ្មែរ

ប្រវត្តិដើមនៃខេត្តព្រះសីហនុ

ក្រុងព្រះសីហនុជាទីក្រុង ធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា។ នេះ ជាក្រុង ដែលត្រូវបានបង្កើតថ្មី នៅឆ្នាំ ១៩៦៤។ ការបង្កើតក្រុងព្រះសីហនុ គឺដើម្បីរំឭក ដល់ស្នាដៃរបស់ព្រះបាទ នរោត្តមសីហនុ។ ឈ្មោះដើម របស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៦៤គឺ ក្រុងកំពង់សោម ។ ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រ ធំបង្អស់ នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ស្ថិតនៅពាក់កណ្តាល ចន្លោះថៃ និង​ ប្រទេសវៀតណាម ហើយទីក្រុងព្រះសីហនុ ជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ។

ក្រុងព្រះសីហ​នុ ជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍ណាស់ សម្រាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។ យោងតាមឯកសារ ក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរអន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនា ក្រុង ព្រះសីហនុ។ ខែមករា ឆ្នាំ ២០០៧ ព្រលានយន្តហោះ នៅក្រុង ព្រះសីហនុ ត្រូវបាន បើកសម្ពោធ ដើម្បីការហោះហើរជាសំខាន់ ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគម្រោង នៃរាជរដ្ឋាភិបាល បានឲ្យដឹងថា ព្រលានយន្តហោះនៃក្រុងព្រះសីហនុ នឹងក្លាយជា ព្រលានយន្តហោះអន្តរជាតិ នៅឆ្នាំ២០១០។​ ​

១. ប្រវត្តិក្រុងព្រះសីហនុ

  • ​ឆ្នាំ ១៩៥៥​ រដ្ឋាភិបាលបានចាប់ផ្តើម​ធ្វើកំពង់ផែ នៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែលបច្ចុប្បន្ននេះមានឈ្មោះថា ឆ្នេរហាវៃ ​ហើយធ្វើការសាងសង់រួច នៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថមពីប្រទេសបារាំង ហើយនិងគេបានធ្វើផ្លូវពីក្រុង ភ្នំពេញ ដល់កំពង់ផែថ្មី ដោយមានជំនួយឧបត្ថម្ភពី សហរដ្ឋអាមេរិក ប្រជាជនដែល បានរស់នៅទីនោះគឺពួ​កគេធ្វើការនៅកំពង់ផែនោះ៕ ​ពេលកំពុងផែបានសាងសង់រូចហើយ គេបានហៅទីក្រុងនោះ ថា ក្រុងព្រះសីហនុ សំរាប់ធ្វើជាការគោរពចំពោះបិតាជាតិ។
  • ឆ្នាំ​ ១៩៦៣ គេចាប់ផ្តើមសាង​សង់​សណ្ឋាគារ ឯករាជ្យ ហើយមានមនុស្សជាច្រើនបានមកដើរលេងកំសាន្តនៅទីនេះ ហើយនៅក្នុងឆ្នាំដដែល គេចាប់ផ្តើមធ្វើពង្រីកកំពង់ផែ ។
  • ឆ្នាំ​ ១៩៧​០ ពួក​គេ​ឈប់​រស់​នៅ ពីព្រោះ លន់ នល់បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះបាទនរោត្តម​​សីហនុ និង​បានមកកាន់កាប់ប្រទេសកម្ពុជា ។
  • ឆ្នាំ ១៩៧០- ១៩៧៥ គេប្រើកំពង់ផែសំរាប់ដាក់អាវុធសំរាប់ធ្វើសង្គ្រាម។
  • ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ ទីក្រុងព្រះសីហនុ ហើយនិងខ្មែរក្រហមបានចាប់យកកប៉ាលរបស់ សហរដ្ឋអាមេរិក ដែលមានឈ្មោះ S.S Mayaguez ជាកម្មករដែលធ្វើការ នៅលើកប៉ាល់នោះ ហើយសហរដ្ឋអាមេរិក​បានទម្លាក់គ្រាប់បែកដែលធ្វើអោយក្រុងព្រះសីហនុមានការខូចខាតយ៉ាងខ្លាំង រហូតដល់ពួកខ្មែរក្រហមប្រគល់កប៉ាល់និងមនុស្សទៅអោយសហរដ្ឋអាមេរិកវិញ​​ ។
  • ឆ្នាំ ១៩៨០ សង្គ្រាម​បាន​បញ្ចប់ គេបានចាប់ផ្តើមសាងសង់ទីក្រុងសាជាថ្មី
  • ឆ្នាំ ១៩៩៧ រដ្ឋាភិបាល បាន អោយកន្លែងសំរាប់អង្គការ ដុនបូស្កូកម្ពូជា សំរាប់ធ្វើសាលាបច្ចេកទេស នៅផ្លូវអូរប្រាំ សំរាប់យុជនក្រីក្រនៅទីក្រុងនេះ និងមកពីខេត្តផ្សេងៗទៀតដែលនៅភាគខាងត្បូងនៃប្រទេស កម្ពុជា ។
  • ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ​២០០៧ ព្រះបាទនរោត្តម សីហមុនី បានយាងមកក្រុងព្រះសីហនុ ​​ ឯកឧត្តម ស្បោងសារ៉ាត អភិបាល​ក្រុង​ បានទទួលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង​​ ព្រះសង្ឃនិមន្តមកពីគ្រប់វត្ត​និង ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយ និងសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ៕​

២. ឆ្នេរសមុទ្រក្រុងព្រះសីហនុ

ឆ្នេរសមុទ្រក្រុងព្រះសីហនុ រមណីយដ្ឋាន ស្ថិតនៅក្នុងខេត្តព្រះសីហនុ​​ ជាតំបន់ទេសចរណ៏គួរអោយចាប់​អារម្មណ៏បំផុត​នៅក្នុងខេត្តនេះ។ ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ។

ក្រុងព្រះសីហនុគឺជាខេត្តដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ ត្រូពិចក្តៅនិងសើមដែលស្ថិតនៅភាគខាងលិចនិងខាងត្បូង មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន។ ចំនែកឯភាគខាងលិចឈៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្ម។ ចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូឈឺទាលនិង​​ ឆ្នេរអូត្រេស។ ក្រុង​ព្រះ​សីហនុ​ជាខេត្តមួយដែលមាន​សោភ៏ណ្ឌ​ភាព​ស្រស់ស្អាត។ មូល​ហេតុ​ដោយសារ​ក្រុង​ព្រះសីហនុមាន​ ទីកន្លែង​កំសាន្ត​ពិសេសទាក់ទាញ​ អារម្មណ៏​ភ្ញៀវ​ទេសចរណ៏​ជាតិ​ និង​អន្តរជាតិ គឺ ឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​មានដូចជា ឆ្នេរ​សមុទ្រឯករាជ្យ ( ​​អូរ​តែល​ប្រាំពីរ​ជាន់) ឆ្នេរ​សុខា ឆ្នេរ​អូរឈើទាល អូរត្រេះ ឆ្នេរហាវៃ ឆ្នេរ​ម្លប់​ជ្រៃ ទឺកធ្លាក់​ក្បាលឆាយជាដើម…..។

៣. ឆ្នេរអូឈើទាល

ឆ្នេរអូរឈើទាល ជាឆ្នេរ​មួយដែល​មាន​សោភ័ណ្ឌភាព​ស្រស់ស្អាត ស្ថិតនៅក្នុងខេត្ត​ព្រះសីហនុ។ អ្នកលក់បង្គងប៉ាកនៅសមុទ្រឆ្នេរនេះមាន​ភាពទាក់ទាញនិងល្បីល្បាយជាខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ​ក្នុងមួយឆ្នាំៗឆ្នេនេះអាច​ទាក់ទាញភ្ញៀវទេសចរណ៏បាន​រាប់រយពាន់​នាក់​ចូលមក​ទស្សនានៅក្នុង​ក្រុងព្រះ​សីហនុដែលជាចំនែកមួយក្នុងការជួយអភិវឌ្ឍន៍ដល់កំនើនសេដ្ឋកិច្ចជាតិ។ ​អូរឈើទាល​ជាតំបន់ឆ្នេរ​មួយ​ដែលមាន​ទេសភាពធម្មជាតិស្រស់ល្អ​បំព្រងគួរ​អោយ​ចាប់អារម្មណ៏ក្រៃលែង ។

អូរឈើទាលមានឆ្នេរ​ខ្សាច់​សស្អាត​ វែង​អន្លាយ​នឹង​មាន​ដើម​ឈើ​ជាច្រើន​ដុះអែប​មាត់ឆ្នេរសមុទ្រ​មើលទៅជាជួរ​គួរអោយ​ទាក់ទាញបំផុតហេតុនេះហើយឆ្នេរនេះក៏បានជាប់ជាសមាជិកក្លឹបឆ្នេរដែលស្អាតជាងគេក្នុងពិភពលោក។ នៅទីនោះមានតូប​ខ្ចុះរបស់​អាជីវកររកស៊ីលក់ដូរ​យ៉ាង​ច្រើនសំរាប់ភ្ញៀវ​ទេសចរណ៏​ជួល​អង្គុយ​លេង ឬសំរាក​កាយ​នៅពេលដែលពួកគេ​បាន​មកដល់​ទីកន្លែង​នេះ។ ភ្ញៀវ​ទេសចរណ៏​ជាតិ​និង​អន្តរ​ជាតិដែលបាន​ធ្វើដំណើរ​កំសាន្ត​នៅឆ្នេរ​អូរឈើទាល អាចលេង​ទឹក​សមុទ្រ​យ៉ាង​សប្បាយ​រីករាយនិង​យ៉ាងត្រជាក់ចិត្ត​ ឬពួកគេអាច​ជួលទូក​ដើម្បីធ្វើដំណើរកំសាន្តឆ្ពោះទៅកាន់​កោះនានា ដែល​ភាគ​ច្រើន​គឺជា​ជនជាតិ​បរទេស​។

ភ្ញៀវ​ទេសចរណ៏​មួយចំនួន​ចូលចិត្ត​លេង​ទឹក​ ជួលពោង ឬ ជួលអូប័រ​ជិះកំសាន្ត​លេង​យ៉ាង​សប្បាយរីករាយ ។ ​ភ្ញៀវទេសចរណ៏អាច​កុម្ម៉ង់ម្ហូបអាហារ​ ជាប្រភេទ​អាហារ​សមុទ្រ​ ដូចជា មឹក បង្គា​ ក្ដាម ត្រីសមុទ្រជាដើម​ដែលសុទ្ធសឹង​តែជា​អាហារ​មាន​ឪជារស​ឈ្ងុយឆ្ងាញ់​ពិសារ។ ក្រៅពីនេះ​ភ្ញៀវ​ទេសចរណ៏អាចទិញវត្ថុអនុស្សាវរីយ៏ ដែល​ធ្វើ​អំពីសំបកខ្យង ផ្កាថ្ម ខ្សែដៃ​ ខ្សែ​ក​ …….ទាំងអស់​នេះ​គឺជាសា្នដៃ​ប្រជាពលរដ្ឋខ្មែរ​ នឹងមានអ្នកម៉ាស្សាផង​ដែរ។ ឆ្នេរ​អូរឈើទាល​ជាឆ្នេរ​ដែលសំបូរ​ភ្ញៀវ​ទេសចរណ៏ជាតិ និង​អន្តជាតិ មកកំសាន្ត​សើ្ទរ​​តែរៀង​រាល់ថ្ងៃ គ្មានថ្ងៃលោះឡើយជាពិសេស​ថ្ងៃឈប់សំរាក បុណ្យទាន ឬ​ក៏ថ្ងៃសំរាកចុង​សប្ដាហ៏ ។

៤. ឆ្នេរឯករាជ្យ

ឆេ្នរឯករាជ្យ ក៏ជាឆ្នេរ​មួយ​ដែល​មាន​ភាពស្រស់​ស្អាត​ ហើយ​ក៏​មាន​ភ្ញៀវ​ទេសចរណ៏ទៅលេង​កំសាន្តនៅទីនោះ​ច្រើន​កុះករ​ដែរ។ ​ឆ្នេរ​ឯករាជ្យ​ខាងលិចជាប់ឆ្នេរ​ហាវ៉ៃ ខាង​កើតជាប់​នឹង​ឆ្នេរសុខា ឆ្នេរឯករាជ្យមាន​អគារដ៏ខ្ពស់សាងសង់ឡើង​ជាយូរមក​ហើយ​ ហើយអគារនេះមានប្រាំពីរជាន់។ រូបថ្មនៅឆ្នេរអូរតែលប្រាំពីរជាន់ ប្រជាជនខ្មែរយើង​ភាគច្រើន​និយមហៅឆ្នេរឯករាជ្យថាឆ្នេរអូរតែលប្រាំពីរជាន់ ព្រោះថាអគារខ្ពស់នោះ​គឺជាសណ្ឋាគារដ៏ធំមួយ ស្ថិតនៅលើដីភ្នំខ្ពស់។ ពីមុនអគារនេះ​រងការខូចខាត​ និង​ ទ្រុឌទ្រោមយ៉ាង​ខ្លាំង​ ក៏ប៉ុន្តែឥឡូវ​នេះ​គេបាន​ធ្វើការ​ជួសជុល​ស្ថាបនា​សាឡើង​វិញ ធ្វើអោយ​អូរតែល​ប្រាំពីរ​ជាន់មានភាពស្រស់​ស្អាតជាង​មុនឆ្ងាយ​ណាស់ រួមជាមួយនឹងឆ្នេរខ្សាច់សក្បុសតាមដង​ផ្លូវមានដើមក្ងោក​ពណ៌ក្រហម​ឆ្អៅ នឹង អមជាមួយ​នឹង​សួនច្បារ​ដ៏ស្អាត​ផងដែរ ។ ​​

៥. ឆ្នេរសមុទ្រសុខា

អូរតែល​សុខា គឺជាឈ្មោះរបស់​សណ្ឋារគារមួយដែលស្ថិតនៅ​ក្នុង​ក្រុង​ព្រះសីហនុ ដែលសាងសង់ឡើង​នៅជាប់​តាមបណ្ដោយឆ្នេរ​សមុទ្រសុខា មនុស្សភាគច្រើន​និយមហៅថាឆ្នេរសុខា ។ ឆ្នេរ​សមុទ្រ​សុខា​គឺជា​ឆ្នេរ​សមុទ្រ​ឯកជន​មួយដែល​មាន​ប្រវែង​ 1,5km ដែលទិសខាង​កើត​ជាប់​នឹង​ឆ្នេរ​អូរ​ឈើទាល​ហើយលាត​សន្ធឹងយ៉ាងវែង​ទៅទិសខាង​លិច​ជាប់នឹង​ឆ្នេរសមុទ្រឯករាជ្យ ឆ្នេរអូរ​តែលប្រាំពីរជាន់ ។ សំរាប់នៅក្នុងសណ្ឋាគារ​សុខា​គឺមាន​កន្លែង​កំសាន្ត​ល្អៗជាច្រើន​ នៅទីនោះ​ភ្ញៀវទេសចរណ៏អាច​ស្នាក់​នៅលេង​កំសាន្តនៅក្នុងសណ្ឋាគារ​បាន ។ ចំពោះអ្នក​ដែលត្រូវការ​កន្លែង​ស្រស់ត្រកាល​សំរាប់​រៀបអាពាហ៏ពិពាហ៏អាចជួលដោយ​បង់ថ្លៃ​ ។

នៅទីនោះមាន​បំរើសេវា​កម្ម​ល្អៗ ជាច្រើន​យ៉ាង​រហ័សទាន់​ចិត្ត​ ប្រសិនបើ​អ្នក​មិន​មាន​កន្លែង​សំរាប់​រៀបចំ​ពិធីរៀបមង្គល​ការ​ អ្នកអាចទៅទំនាក់ទំនង​តាមសេចក្ដីតំរូវការនៅក្នុងសណ្ឋារគារ​សុខា។ ដោយសារ​នៅ​ក្នុងសណ្ឋាគារ​សុខា​មាន​ភាពស្រស់ស្អាត​ដូចនេះហើយ​ទើបមាន​ភ្ញៀវ​ទរសចរណ៏​ចូលទៅទស្សនា​កំសាន្ត​​ជារៀង​រាល់​ថ្ងៃ​​។ អូរតែលសុខា​មានអាងហែល​ទឹកដ៏ល្អនៅចំកណ្ដាលហើយមាន​កន្លែង​សម្រាក​​សំរាប់ទទួលភ្ញៀវដ៏ល្អប្រណីត​ផងដែរ។ នៅផ្នែកខាង​ក្រោយ​ឆ្នេរ​សមុទ្រ​ក៏មាន​ផ្ទះសំណាក់ជាច្រើននឹង​មានទេសភាពស្រស់ស្អាត​ណាស់។ ក្រៅពីនេះ​ឆ្នេរ​សុខាក៏មាន​រូបសំណាក​កន្ទុយ​នាគមួយ យ៉ាង​ធំដែលធ្វើឡើង​នៅអែបមាត់ឆ្នេរ​សមុទ្រហើយក្បាលរបស់វាគេធ្វើនៅខាង​ក្នុងទីធ្លានៃសណ្ឋាគារ​សុខា ។

៦. ឆ្នេរអូត្រេះ

អូរត្រេះ​ គឺជាឆ្នេរ​សមុទ្រមួយដែលស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុដែរ វាមាន​សោភ័ណ្ឌភាពស្រស់ស្អាត​មិនចាញ់ឆ្នេរ​អូរឈើទាល ឆ្នេរសុខា​ ឆ្នេរ​ហាវៃ ឡើយ…..។ វាជាឆ្នេរ​មួយ​ដែលភាពស្ងប់ស្ងាត់នៅក្នុងក្រុង​ ព្រោះវា​ស្ថិតនៅ​ដាច់ឆ្ងាយ​បន្តិច​ ប៉ុន្តែបច្ចុប្បន្នក៏មិនសូវស្ងាត់ ដូចពីមុនទេ​ ពីព្រោះដោយសារនៅទីនោះមាន​ទេសភាព​​ស្រស់ស្អាតមើលទៅគួរអោយ​អោយ​ចង់​គយគន់​ក្រៃលែង​ហើយមាន​ភ្ញៀវ​ទេសចរណ៏មួយ​ចំនួន​ចូលចិត្ត​កន្លែង​ស្ងប់ស្ងាត់ ក៏និយម​ទៅកំសាន្តនៅឆ្នេរ​អូរ​ត្រេះ​ដែរ​ ជាហេតុធ្វើអោយ​ឆ្នេរ អូរ​ត្រេះ​មាន​សភាព​អូរអរជាង​មុន​ មាន​ភ្ញៀវ​ទេសចរណ៏អន្តរជាតិ​ ទៅ​កំសាន្ត​យ៉ាង​កុះករ ។ ក៏ប៉ុន្តែនៅទីនោះពុំទាន់​មាន​ភ្លើង​អគ្គីសនីគ្រប់គ្រាន់ នៅឡើយ​ទេ គឺវាមាន​តែកន្លែង​មួយ​ចំនួន ប៉ុណ្ណោះដែល​មាន​ម៉ាស៊ីនភ្លើ​ងប្រើប្រាស់​ ​សំរាប់ភាព​ចាំបាច់របស់​ពួកគេ។ ជាមួយគ្នា​នេះផងដែរ នៅឆ្នេរ​អូរត្រេះក៏មាន​ការ​ជិះក្ដារ​បន្ទះ​ នៅ​លើទឹក​​ហើយ​និង​ជួល​ទូក​កាយ៉ាក់ចែវលេង រួមទាំង​មាន​កីឡាជិះក្ដារមានក្ដោងយ៉ាង​សប្បាយរីករាយ​ផង​ដែរ​ ។ ភាគច្រើនគឺជាភ្ញៀវ​បរទេសទៅកំសាន្តនៅឆ្នេរ​អូរ​ត្រេះ​ហើយ​ភ្ញៀវទេសចរណ៏អាច​ធ្វើការលំហែកាយ ដោយអ្នកខ្លះ​ជួលអូរប័រ ឬ​ពោង​សំរាប់លេង​ទឹក។ ភ្ញៀវទេសចរណ៏អាច​ធ្វើដំណើរទៅកាន់កោះនានា​ផង​ដែរ ។

៧. ឆ្នេរហាវ៉ៃ

ឆ្នេរហាវៃ គឺជាឆ្នេរ​មួយ​ដែលមាន​ភាពស្រស់ស្អាតពោរពេញទៅដោយដើមម្ជុលជាតំបន់ឆ្នេរ​ដែលមាន​ម្លប់​ត្រជាក់ល្ហឹមមាន​ភ្ញៀវ​ទេសចរណ៏​ទៅកំសាន្ត​នៅ​ទីនោះច្រើន​គួរសម។ ទេសភាពមើលពីស្ពានកោះពស់មានទូក​ម៉ាស៊ីន​តូចៗ​មួយចំនួន​ដែល​នៅទំនេរ​រង់ចាំ​ភ្ញៀវ​ទេសចរណ៏ជាតិអន្តរជាតិ​ជួលជិះ​ធ្វើ​ដំណើ​រកំសាន្ត​ឆ្ពោះទៅ​កាន់​កោះ​ពស់​។ លក្ខណៈពិសេសនៅតាមដង​បណ្ដោយឆ្នេរ​ហាវ៉ៃ​មាន​ខ្សាច់​សស្អាត​មិន​ចាញ់​ឆ្នេរ​សមុទ្រ​ផ្សេងៗឡើយ។ អ្នកវិនិយោគទុនមានគំរោងសាងសង់សណ្ឋារគារ ផ្ទះសំណាក់ បាំងកាឡូ និងមានកន្លែងកំសាន្តជាច្រើនផ្នែកទៀត។

៨. ឆ្នេរជ័យជំនះ

ជាឆ្នេរដែលមាន​សភាពស្រស់ស្អាតនៅខេត្តព្រះសីហនុ ត្បិតថាវាមានប្រវែងខ្លី តែវាអាចទាញយកភ្ញៀវទេសចរណ៏ដែលចូលចិត្តភាពស្ងប់ស្ងាត់ បានយ៉ាងច្រើន​​ តែនៅពេលបច្ចុប្បន្ននេះឆ្នេរនេះត្រូវបាន ក្រុមហ៊ុនបរទេស(ចិន) សុំសិទ្ធិសាងសង់អគារធំៗជាច្រើន ហើយវាសឹងតែក្លាយជាឆ្នេរឯកជនទៅហើយសព្ធថ្ងៃ។

៩. រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ

រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ គឺជាតំបន់ទឹកធ្លាក់មួយកន្លែងដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែរ។ ទឹកធ្លាក់ក្បាលឆាយនេះជារមណីយដ្ឋានមួយដែលមាន ភ្ញៀវទេសចរណ៏ ទៅលេងយ៉ាងច្រើន កុះករនៅថ្ងៃឈប់សំរាកពីការងារ រឺ បុណ្យជាតិ ។ យើងសង្កេតឃើញមាន ប្រជាពលរដ្ឋខ្មែរ មានលក់នូវវត្ថុអានុស្សាវរីយ៏ និង របស់ផ្សេងៗ ទៀត ដែលវាជាសេចក្ដីតំរូវការរបស់ភ្ញៀវទេសចរណ៏ ក្រៅពីភ្ញៀវទេសចរណ៏ជាតិ តំបន់ទឹកធ្លាក់ក្បាលឆាយក៏មាន ភ្ញៀវទេសចរណ៏អន្តរជាតិមកចូលរួមទស្សនា កំសាន្តយ៉ាងសប្បាយរីករាយផងដែរ ។ ក្បាលឆាយជារមណីយដ្ឋានដ៏ស្រស់ត្រកាលមួយ ដែលជាតំបន់ពាំនាំនូវថវិការជួយដល់ប្រជាពលរដ្ឋខ្មែរនិង​ប្រទេសកម្ពុជាយើងអោយមានភាពរីកចំរើនអភិវឌ្ឍន៏ វិស័យទេសចរណ៏ជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

Related posts
ប្រវត្តិសាស្រ្តខ្មែរ

បើ​តាមកំណត់ត្រា​លោក ជីវ តាក្វាន់ ខ្មែរ​ប្រារព្ធពិធីចូលឆ្នាំយ៉ាង​ដូចម្ដេច?​

ប្រវត្តិសាស្រ្តខ្មែរ

មកដឹងពីប្រវត្តិរបាំព្រះរាជទ្រព្យដែលជាបេតិកភ័ណ្ឌមរតជាតិខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

រឿងដំណាលនៃរឿង «កូរសមុទ្រទឹកដោះ» ដែលជាទីពេញនិយមឆ្លាក់នៅលើជញ្ជាំងប្រសាទបុរាណខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

ហេតុអ្វីបានជាបញ្ហាព្រំដែន បានក្លាយជាទំនាស់ជាតិសាសន៍?